មហាសេដ្ឋីប្រាក់លានដែលអតីតពលករធ្វើការនៅប្រទេសកូរ៉េខាងត្បូង និងជាពាណិជ្ជករវ័យក្មេងល្បីឈ្មោះនៅស្រុកខ្មែរ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសគាំទ្រប្រសាសន៍ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងការស្នើរដ្ឋមន្រ្តីក្រសួងយុត្តិកម្ពុជា លោក កើត រិទ្ធ សិក្សារៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ឬសេចក្តីព្រាងច្បាប់អង្គការដែលចេញពីរាជរដ្ឋាភិបាលឬជាសេចក្តីស្នើច្បាប់ដែលចេញពីព្រឹទ្ធសភានិងរដ្ឋសភា។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានថ្លែងលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៧ ម្សិលមិញថា៖ “(កើតនៅកម្ពុជាត្រូវតែស្លាប់នៅកម្ពុជា….) ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរម្នាក់ខ្ញុំសូមគាំទ្រប្រសាសន៏របស់សម្តេច ថ្នាក់ដឹកនាំកំពូលរបស់ជាតិ គួរមានសញ្ជាតិតែមួយគត់ គឺសញ្ជាតិខ្មែរ ដែលន័យនេះគឺរួមសុខទុក្ខជាមួយប្រជាជនកម្ពុជា ទើបសាកសម ជាថ្នាក់ដឹកនាំកំពូលនៅកម្ពុជាបាន “។
ការស្នើសុំធ្វើវិសោធនកម្មច្បាប់នេះ ត្រូវបានសម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិ និងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ។
គួរម្លឹកជូនថា ជាមួយនឹងការប្រកាសរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្វើឡើងបន្ទាប់ពីសារព័ត៌មានអង់គ្លេស The Guardian បានសរសេរចោទចំៗថា លោកនាយករដ្ឋមន្រ្តីកម្ពុជាហ៊ុន សែន ត្រូវបានរកឃើញថា ទទួលបានលិខិតឆ្លងដែនប្រទេសស៊ីបនេះ។
មួយថ្ងៃក្រោយពីមានប្រតិកម្មយ៉ាងខ្លាំងក្លាពីសំណាក់រដ្ឋាភិបាល និងជាពិសេស ពីក្រុមមេធាវីរបស់រដ្ឋាភិបាលកម្ពុជា សារព័ត៌មានអង់គ្លេស The Guardian បានកែតម្រូវអត្ថបទព័ត៌មានរបស់ខ្លួនហើយដោយងាកមកសរសេរបែបនេះថា មនុស្សនៅក្បែរលោកហ៊ុន សែន ត្រូវបានរកឃើញថា បានទទួលលិខិតឆ្លងដែនប្រទេសស៊ីប។
ក្រៅពីក្រុមមេធាវីនេះ ក្រសួងចំណុះរដ្ឋាភិបាលកម្ពុជា២ទៀត គឺក្រសួងការបរទេស និងក្រសួងយុត្តិធម៌ក៏បានចេញដំណើរស្វែងរកការពិតជូនសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ផងដែរ។ ប៉ុន្តែ មកដល់ពេលនេះ ពុំទាន់មានការឆ្លើយតបយ៉ាងណានៅឡើយទេពីភាគីរដ្ឋាភិបាលប្រទេសស៊ីប៕