សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ក្នុងពេលបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅព្រឹកនេះ ថា «ប្រសិនបើក្នុងរង្វង់ ១០ ទៅ ១៥ថ្ងៃ ស្ថានភាពរបស់យើង នៅនឹងនរ អត្រាឆ្លងត្រឹមប៉ុណ្ណេះដូចរាល់ថ្ងៃ និងការស្លាប់ត្រឹមកម្រិតប៉ុណ្ណេះ ខ្ញុំគិតថាដល់ពេលវេលា ដែលយើងត្រូវបើកសេដ្ឋកិច្ច និងសង្គមឡើងវិញលើគ្រប់វិស័យ តែទៅតាមគន្លងថ្មី ជាមួយនឹងវិធានការ ៣កុំ ៣ការពារ របស់យើងដែលនាំទៅដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់យើង»។
សម្ដេចតេជោ ថ្លែងថា ការធ្វើដំណើរកម្សាន្ដរបស់ប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ គឺជាការសាកល្បង ដើម្បីឈានទៅដល់ការបើកប្រទេសឡើងវិញ លើគ្រប់វិស័យ។
បើទោះជាយ៉ាងណាក៏ដោយ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រសិនបើ ២ខែចុងក្រោយ នៃចុងឆ្នាំ២០២១នេះ យើងអាចបើកសេដ្ឋកិច្ចសង្គម ជាពិសេសវិស័យទេសចរណ៍ផ្ទៃក្នុង និងសេវាដទៃទៀត គឺកំណើនសេដ្ឋកិច្ចរបស់កម្ពុជា អាចនឹងមានការឡើងបន្តិចទៀត ហើយចំណូលថវិកាជាតិ នឹងអាចវិលត្រឡប់មកកាន់ស្ថានភាពល្អប្រសើរ។
គួរបញ្ជាក់ថា ស្ថាប័ន IMF រួមនឹងធនាគារពិភពលោក The World Bank និងស្ថាប័នហិរញ្ញវត្ថុដទៃទៀត បានព្យាករដំឡើងអត្រានៃកំណើនសេដ្ឋកិច្ច របស់កម្ពុជាពី ១,៨ភាគរយ ទៅ ២,២ភាគរយ នៅឆ្នាំ២០២១ ដែលកាលពីពេលមុនបានព្យាករកំណើនសេដ្ឋកិច្ចថា អាចនឹងមានកំណើន ៤,៣ភាគរយ នេះក៏ព្រោះតែជួបវិបត្តិនៃជំងឺរាតត្បាតជាសកលកូវីដ-១៩៕