កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានកែសម្រួលរយៈពេលស្តុកកុងតឺន័រ រហូតដល់មួយសប្តាហ៍ ដើម្បីចូលរួមចំណែកក្នុងកិច្ចសម្របសម្រួល ពាណិជ្ជកម្មរបស់ធុរជន ក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ក្នុងគោលដៅសម្រួល ដល់ការធ្វើធុរកិច្ច និងការធ្វើពាណិជ្ជកម្មរបស់ធុរជន។
បើយោងតាមសេចក្តីជូនដំណឹងរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុកាលពីពេលថ្មីៗនេះ ការសម្រេចកែសម្រួលរយៈពេលស្តុកកុងតឺន័រនាំចេញ ដោយអនុគ្រោះមិនគិតថ្លៃស្តុករយៈពេល៥ថ្ងៃ មកអនុគ្រោះមិនគិតថ្លៃស្តុករយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃដែលកុងកុងតឺន័រ ចូលដល់ទីលានរហូតដល់ថ្ងៃនាវាចេញដំណើរ ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១នេះ។ ប៉ុន្តែបើហួសពីរយៈពេលកំណត់ខាងលើ ចាប់ពីថ្ងៃទី៨ គឺគិតថ្លៃស្តុកចំនួន១ថ្ងៃ និងកំណើនជាលំដាប់តាមចំនួនថ្ងៃស្តុក។
ការសម្រេចបន្ធូបន្ថូយនេះ នឹងជួយសម្រួលទៅផ្នែកពាណិជ្ជកម្ម កាត់បន្ថយការចំណាយរបស់វិស័យឯកជន។