កោះស៊ីប ដែលមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋស៊ីបគឺមានទីតាំងលើមហាសមុទ្រមេឌីទែរ៉ាណេខាងកើត និងជាកោះធំទី ៣ និងមានប្រជាជនច្រើនបំផុតទី ៣ នៃតំបន់មួយនេះ។
ថ្វីបើជាកោះតូចមានទំហំប្រមាណ ៩ ២៥១ គីឡូម៉ែត្រការ៉េពិតមែន តែស៊ីបជាប្រទេសដែលទាក់ទាញវិនិយោគិនជាច្រើនឲ្យចូលទៅវិនិយោគនៅក្នុងប្រទេសរបស់ខ្លួន។ ជាក់ស្ដែងកាលពីឆ្នាំ ២០០១ ស៊ីបត្រូវបានធនាគារពិភពលោកចាត់ទុកជាប្រទេសមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតមួយលើលោក។
កត្តាលក្ខខណ្ឌអំំណោយផលពីរចំណុចទើបកោះដ៏ស្រស់ស្អាតនេះ ទាក់ទាញអ្នកមានៗចង់ទៅវិនិយោគ គឺការប្រើប្រាស់រូបិយប័ណ្ណលុយអឺរ៉ូ រួមទាំងងាយស្រួលក្នុងការស្នើសុំលិខិតឆ្លងដែន។
បច្ចុប្បន្ន រូបិយប័ណ្ណដែលកំពុងចរាចរនៅក្នុងប្រទេសគឺ លុយអឺរ៉ូដែលអាចចាយបានទូទាំងតំបន់អឺរ៉ុប ហើយនេះគឺជាកត្តាមួយនាំឲ្យវិនិយោគិនជាច្រើនពេញចិត្តនឹងបណ្ដាក់ទុននៅក្នុងប្រទេស។
ក្រៅពីកត្តារូបិយប័ណ្ណ ក៏មានកត្តាច្រើនផ្សេងទៀតដូចជា កត្តាអាកាសធាតុល្អ ទីជនបទស្រស់ស្អាត ជាមួយទស្សនីយភាពសមុទ្រស្រស់បំព្រង រដ្ឋាភិបាលស្ថិរភាព ដំណើរសេដ្ឋកិច្ចល្អ ជាមួយទីផ្សារធំទូលាយ។
ដោយឡែកមូលហេតុសំខាន់បំផុតដែលធ្វើឲ្យស៊ីបក្លាយជាគោលដៅសម្រាប់វិនិយោគិនគឺ ងាយស្រួលដល់ការស្នើសុំលិខិតឆ្លងដែនទី ២ ជាពិសេសសម្រាប់បុគ្គលដែលមានគោលបំណងមកបណ្ដាក់ទុននៅក្នុងប្រទេស។
រីឯការស្នើសុំលិខិតឆ្លងដែនទៀតសោត គឺចាយពេលខ្លីប៉ុណ្ណោះ ពោលត្រឹម ៦ ខែ ខណៈប្រជាជនដែលកាន់លិខិតឆ្លងដែនស៊ីបគឺអាចធ្វើដំណើរដោយមិនចាំបាច់ត្រូវការទិដ្ឋាការដល់ទៅ ១៧១ ប្រទេស។
ដើម្បីអាចទទួលបានលិខិតឆ្លងដែនស៊ីប បុគ្គលម្នាក់ត្រូវចំណាយតិចបំផុត ២,១៥ លានអឺរ៉ូ ទៅលើការវិនិយោគក្នុងប្រទេស ហើយមធ្យោបាយពេញនិយមបំផុតគឺវិនិយោគ ២ លានអឺរ៉ូទៅលើវិស័យអចលនទ្រព្យក្នុងរយៈពេល ៥ ឆ្នាំ ខណៈ ១៥ ម៉ឺនអឺរ៉ូផ្សេងទៀតឧបត្ថម្ភទៅកាន់រដ្ឋាភិបាលក្នុងការស្រាវជ្រាវអ្វីមួយ។
ជាក់ស្ដែងចំនួនវិនិយោគិននៅក្នុងប្រទេសស៊ីបក្នុងមួយឆ្នាំៗ គឺមានចំនួនដល់ទៅ ៧០០ នាក់ ស្របពេលចំណុចពិសេសមួយទៀតនោះ គឺបុគ្គលអាយុក្រោម ២៨ ឆ្នាំអាចមានសិទ្ធិស្នើសុំសញ្ជាតិ ហើយសូម្បីតែបុគ្គលចំណាស់អាយុច្រើនជាង ៦៥ ឆ្នាំក៏អាចស្នើសុំសញ្ជាតិនេះបានដូចគ្នា៕
ប្រភព: Forbes