ប្រលានយន្តហោះ Bicol International Airport នៅភាគខាងត្បូងប្រទេសហ្វីលីពីន ចាយពេលដល់ទៅ ១១ ឆ្នាំ ទើបសម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។
មានកត្តាជាច្រើនដែលរាំងស្ទះដល់ការសាងសង់នៃប្រលានយន្តហោះអន្តរជាតិមួយនេះ ដូចជាបញ្ហាសេដ្ឋកិច្ច នយោបាយ ហើយក្រុមឧទ្ទាមប្រដាប់អាវុធ New People នៃពួកកុម្មុយនីស្ត ក៏អុកឡុកជាច្រើនលើកច្រើនសារ។
បើតាមការអះអាងពីក្រសួងដឹកជញ្ជូនប្រចាំប្រទេសបានឲ្យដឹងថា គម្រោងការសាងសង់ប្រលាននេះមានតម្លៃដល់ទៅជិត ៧៩០ លានដុល្លារ និងបានចាប់ផ្ដើមសាងសង់ក្រោមយុទ្ធនាការ “Build, Build, Build” របស់ប្រធានាធិបតី Duterte។
ប្រលានយន្តហោះ Bicol International Airport បានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី ០៨ តុលាកន្លងទៅ និងបច្ចុប្បន្នគឺបើកដំណើរការសម្រាប់តែការហោះហើរក្នុងស្រុកសិនប៉ុណ្ណោះ ខណៈនឹងបើកទទួលជើងហោះហើរអន្តរជាតិនាខែក្រោយ បើសិនអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិអនុញ្ញាត។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋហ្វីលីពីនបញ្ជាក់ដែរថា នៅពេលប្រលានមួយនេះដាក់ដំណើរការពេញលេញ ឱកាសការងារជាង ១ ១០០ កន្លែង នឹងផ្ដល់ជូនទៅកាន់ប្រជាពលរដ្ឋនៅតំបន់ Barangay Alobo ដែលមានចំងាយប្រមាណ ១៥ គីឡូម៉ែត្រពីភ្នំភ្លើង Mayon Volcano៕
ប្រភព: globalconstructionreview