ផ្អែកតាមរបាយការណ៍ទទួលបានពីសារព័ត៌មានក្នុងប្រទេសចិនជាច្រើនបានចុះផ្សាយថា វិស័យទេសចរណ៍ក្នុងស្រុកមានការធ្លាក់ចុះជាខ្លាំងមិនធ្លាប់មាន ពោលបើធៀបនឹងឆ្នាំ ២០១៩ មុនមានការរាតត្បាត COVID-19 អត្រាចំណាយនៃភ្ញៀវទេសចរណ៍ធ្លាក់ចុះដល់ ៤០%។
ក្នុងចន្លោះពេលចាប់ពីថ្ងៃទី ០១ តុលា ដល់០៧ តុលា ជាបុណ្យជាតិ ដែលត្រូវបានគេហៅថា Golden Week ហើយជាទូទៅអំឡុងពេលនេះ ស្ទើរតែគ្រប់កន្លែងកម្សាន្តពេញផ្ទៃប្រទេស គឺប្រមូលផ្ដុំដោយមនុស្សម្នាជាច្រើនពាន់ម៉ឺននាក់។
តែសម្រាប់ Golden Week ឆ្នាំនេះ គឺស្ងាត់ខុសពីរាល់ដង ដោយសារទេសចរក្នុងស្រុកហាក់នៅញញើតនឹងជំងឺកាចសាហាវនេះនៅឡើយ ខណៈតាមតំបន់កម្សាន្តខ្លះៗ ក៏នៅរឹតបន្តឹង និងគោរពវិធានការណ៍ទប់ស្កាត់កូវីឌ ១៩ ផង ទើបធ្វើឲ្យអត្រាចំណាយ និងចំនួនភ្ញៀវទេសចរណ៍មានការធ្លាក់ចុះខ្លាំង។
កត្តាមួយផ្សេងទៀត ដែលធ្វើឲ្យវិស័យទេសចរណ៍ក្នុងស្រុកធ្លាក់ចុះបែបនេះ គឺដោយសារតែកំឡុងពេលការរាតត្បាតកូវីដ ១៩ ប្រជាពលរដ្ឋមិនមានប្រភពចំណូលឋិតឋេរ ដូច្នេះកំឡុងពេលនេះ ការចាយវាយហាក់មានការត្បិតត្បៀតជាងមុន។
តាមរបាយការណ៍បង្ហាញដោយក្រសួងវប្បធម៌និងទេសចរណ៍បានឲ្យដឹងថា ការចំណាយឆ្នាំនេះសម្រាប់ថ្ងៃឈប់សម្រាក Golden Week គឺធ្លាក់ចុះ ៤០% បើធៀបនឹងឆ្នាំ ២០១៩ មុនការរាតត្បាតកូវីដ ១៩ និងចុះ ៤,៧% ធៀបនឹងឆ្នាំទៅ ខណៈចំនួនភ្ញៀវទេសចរណ៍ធ្លាក់ ៣០% ធៀបនឹង ២០១៩ និង ១៥% ធៀបនឹង ២០២០។
បញ្ជាក់ដែរថា អាជ្ញាធរប្រចាំតំបន់កម្សាន្តដែលធ្លាប់តែមានមនុស្សទៅលេងឥតឈប់ឈរដូចជា ទីក្រុង Fujian ខេត្ត Guangdong ខេត្ត Guizhou ទីក្រុង Wuzhen, Shanghai, Suzhou និងរដ្ឋធានីប៉េកាំង សុទ្ធតែត្អូញត្អែរពីការបាត់បង់ចំណូលពីវិស័យទេសចរណ៍ដូចៗគ្នា៕
ប្រភព: bangkokpost