បច្ចុប្បន្នក្រុមហ៊ុន លី ហួរ គ្រុប ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនធំមួយ មានប្រតិបត្តិការអាជីវកម្មច្រើនប្រភេទក្នុងពហុវិស័យ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ។
តើនរណានៅពីក្រោយភាពជោគជ័យដ៍ចេះត្រចង់នេះ ហើយមានមនុស្សប៉ុន្មាននាក់រួមដំណើរ ឧកញ៉ាញូស៍ លាតត្រដាងដូចតទៅ៖
បើនិយាយដល់អ្នកឧកញ៉ា លី ហួរ ដើមឡើយលោកគឺជាកូនកសិករ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ខណៈដែលលោកកំព្រាឪពុកតាំងតែពីអាយុ ៩ឆ្នាំមកម្លេះ។ អាយុ ១៨ឆ្នាំ លោកបានចូលរួមជាមួយយុវជនដែលមានកាតព្វកិច្ចសំខាន់ណាស់ក្នុងការការពារជាតិ បម្រើជាតិ ជាកម្លាំងពិសេសជួរមុខនៅសមរភូមិប្រយុទ្ធ លោកមិនដែលបានរស់នៅជួបជុំគ្រួសារសាច់ញាតិនោះឡើយ។
នៅឆ្នាំ១៩៨០ លោក លី ហួរ បានចិញ្ចឹមជ្រូកមួយក្បាល លុះឈានចូលដល់ឆ្នាំ១៩៨២ លី ហួរ។ ក្រោយមកបានផ្លាស់ប្តូររកស៊ីលក់ទំនិញកំប៉ិកកំប៉ុកវិញម្តង បន្ទាប់ពីរូបលោកសល់ដើមទុនប្រមាណ ២ជីមាស ដែលបានមកពីការលក់ជ្រូកមួយក្បាល ហើយលោកក៍ធាក់កង់ដឹកស្ករពីស្គន់ ផ្អាវ ទៅលក់នៅក្រុងសួង និងមេមត់ទៀតផង។
ជំហានបន្ទាប់ លោក លី ហួរ បានទៅជួញដូរក្រណាត់ សារុង ប៊ីចេង ពីប្រទេសថៃ មកលក់ដូនៅក្នុងប្រទេសកម្ពុជាវិញម្តង។
លុះដល់ឆ្នាំ ១៩៨៥ លោក និងភរិយា បានមើលឃើញឱកាសទីផ្សារទិញលក់មាស ក៏បានចាប់ផ្តើមជួញដូរទិញលក់មាស។ ឆ្នាំ១៩៨៦ អាជីវកម្មប្តូរប្រាក់ ដំបូងគេបំផុតរបស់ក្រុមហ៊ុន លី ហួរ គ្រុប ត្រូវបានចាប់ផ្តើមបង្កើតឡើងដោយលោក លី ហួរ និងលោកស្រី ស៊ាង លីម ត្រូវជាភរិយា ដើម្បីផ្តល់សេវាប្តូរប្រាក់ជូនអតិថិជននៅរាជធានីភ្នំពេញ។
មុខរបរទិញលក់មាសហ្នឹងហើយ ដែលនាំឲ្យលោកនិងភរិយា ឈានមកកាន់កាប់ក្រុមហ៊ុនគ្រាក់ៗ និងជោគជ័យឥតឈប់នៅពេលបច្ចុប្បន្ននេះ។
រយៈពេលជាង ៣ ទស្សវត្សកន្លងមកនេះ អ្នកឧកញ៉ា លី ហួរ ត្រូវបានស្គាល់ថា ជាពាណិជ្ជករខ្មែរដ៏ល្បីល្បាញ និងជោគជ័យយ៉ាងខ្លាំងនៅក្នុងមុខជំនួញ។ គិតមកដល់បច្ចុប្បន្ននេះលោកមានអាណាចក្រជំនួញធំៗចំនួន ៨ ក្រុមហ៊ុនក្នុងពហុវិស័យដែលកំពុងតែប្រតិបត្តិការអាជីវកម្មយ៉ាងសកម្មរបស់ខ្លួន៖
១.ក្រុមហ៊ុន លី ហួរ ប្តូរប្រាក់ និងលក់គ្រឿងអលង្ការ ត្រូវបានបង្កើតឡើងដោយអ្នកឧកញ៉ា លី ហួរ និងឧកញ៉ា ស៊ាង លីម ជាសហភាគទុនិកចាប់តាំងពីឆ្នាំ១៩៨៦ ហើយមានដើមទុនជាមាសចំនួនពីរជី ស្ថិតនៅចន្លោះផ្សារធំថ្មី ផ្សារអូឫស្សី និងផ្សារអូឡាំពិក។
២.ក្រុមហ៊ុន លី ហួរ ហាងបញ្ចាំ ទទួលបានអាជ្ញាប័ណ្ណធ្វើអាជីវកម្មទទួលបញ្ចាំចលនទ្រព្យ និងអចលនទ្រព្យគ្រប់ប្រភេទពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១០។
៣.ក្រុមហ៊ុន អភិវឌ្ឍន៍លំនៅឋានបុរីវិមានភ្នំពេញ ជាគម្រោងអភិវឌ្ឍន៍លំនៅឋានរបស់ក្រុមហ៊ុន លី ហួរ គ្រុប ដែលត្រូវបានបង្កើតឡើងនៅក្នុងខែតុលា ឆ្នាំ២០១១ ចាប់ផ្តើមគម្រោងទី១ នៅលើផ្ទៃដីសាងសង់ចំនួន ១៨ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
៤.ក្នុងខែតុលា ឆ្នាំ២០១២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ដើម្បីបើកបម្រើសេវាកម្មហិរញ្ញវត្ថុជូនអតិថិជន។
៥.ក្រុមហ៊ុន ទេពីវិនិយោគកសិ-ឧស្សាហកម្មដំណាំកៅស៊ូ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១១ ដើម្បីពង្រីកការវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្ម។ ហើយក្រុមហ៊ុន ទេពី អាក្រូ វិនិយោគនេះ បានបង្កើតបុត្រសម្ព័ន្ធចំនួន បីបន្ថែមទៀត រួមមាន ក្រុមហ៊ុន អិកស៍ អិល អិកស៍ អាហ្រ្គោ ក្រុមហ៊ុន អិកស៍អិល អិកស៍ ស៊ីង ស៊ីង និងក្រុមហ៊ុន បាយអូហ្គាដិន។
៦.ក្រុមហ៊ុន លីហួរ លីស៊ីង ភីអិលស៊ី ផ្តល់ជូននូវសេវាភតិសន្យាហិរញ្ញវត្ថុ សម្រាប់ការបង់រំលស់យានយន្ត (រថយន្ត ម៉ូតូ និងម៉ូតូកង់បី) ត្រូវបានបង្កើតឡើងនៅដើមឆ្នាំ២០១៥ ដោយចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥ និងទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មភតិសន្យាហិរញ្ញវត្ថុ ពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦។
៧.ក្រុមហ៊ុនផេប៉្រូភីអិលស៊ី ដែលវិនិយោគលើដំណើរការប្រតិបត្តិការជាភាគីទីបីដោយផ្តល់សេវាផ្ទេរប្រាក់ និងសេវាទូទាត់ និងប្រគល់ដោយធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB Bank) ទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦។
៨–ក្រុមហ៊ុនលីហួរ អ៊ិនសួរេន ម.ក ដែលធ្វើប្រតិបត្តិការអាជីវកម្មធានារ៉ាប់រងទូទៅ មានទុនចុះបញ្ជីសរុបចំនួន ៧,៧លានដុល្លារអាមេរិក ដោយទទួលអាជ្ញាប័ណ្ណប្រតិបត្តិការអាជីវកម្មធានារ៉ាប់រងទូទៅពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧។ និងចាប់ផ្តើមបើកដំណើរការជាផ្លូវការនៅថ្ងៃទី២៩ខែមករា ឆ្នាំ២០១៨៕