ក្រុមហ៊ុន​ឧកញ៉ា ​ស្រី ចាន់ថន ចាប់ដៃ​​សហគ្រាស Navita កែច្នៃផ្លែឈេីស្រស់ខ្មែរ​ គ្រោង​មួយ​ឆ្នាំ​ឲ្យ​បាន​ ២ លាន​កេះ

ជុំវិញ​ឧកញ៉ា

ភ្នំពេញ៖ កាល​ពី​ថ្ងៃទី១១ខែតុលា ឆ្នាំ២០២១ ក្រុមហ៊ុនJet’s food cambodia របស់ឧកញ៉ា​ស្រី ចាន់ថន បាន​ធ្វើ​ពិធីចុះអនុស្សរណៈយោគយល់គ្នាជាមួយសហគ្រាស Navita លើការ​ពង្រីកការវិនិយោគការ​កែច្នៃផលិតផ្លែឈេីស្រស់របស់កសិករ​ខ្មែរ ដើម្បីផ្គត់ផ្គង់លើទីផ្សារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ខ្លឹមសារនៃការចុះ MOU នេះធ្វើឡើងមានគោលបំណងសហការយោគយល់គ្នារវាងក្រុមហ៊ុន Jet’s Food Cambodia
និង​​សហគ្រាស​កែច្នៃផលិតផ្លែឈេីស្រស់ ណាវីតា ដែលជាសហគ្រាសរបស់កូនខ្មែរសុទ្ធសាធ ដែល​កំពុងកែច្នៃផ្លែឈើគ្រប់មុខចេញទៅជាដំណាប់ បង្អែមផ្លែឈើផ្សេងៗ។

ឧកញ៉ា ស្រី ចាន់ថន បានមានប្រសាសន៍​បាន​ឲ្យ​ដឹង​ថា ភាគីទាំងពីរបានចាប់ដៃរួមគ្នា សហការសិក្សាស្រាវជ្រាវ ផលិត និងកែច្នៃរាល់ផ្លែឈើ ដែល​ប្រមូលទិញពីប្រជាកសិករខ្មែរកំពុងតែដាំដុះរាប់ម៉ឺនហិតតា ដើម្បីយកមកកែច្នៃផលិតចេញជាភេសជ្ជៈប្រភេទបង្អែមកំប៉ុង ជាដំណាប់ផ្លែឈើ ទឹកផ្លែឈើផ្សេងៗដូចជាគូលែន សាវម៉ាវ ក្រូច មៀន តាង៉ែនជាដើម។

ការដែលក្រុមហ៊ុនធ្វើទាំងអស់ឡើងដើម្បី​គាំទ្រលើវិស័យ កសិឧស្សាហកម្មរបស់​កសិករ​ឲ្យ​រីកចំរើន ជួយបង្កើតទីផ្សាររបស់ប្រជាកសិករខ្មែរដែលកំពុងតែដាំដុះប្រភេទចំការផ្លែឈើ។

លោក​បន្ត​ថា ក្រុមហ៊ុនបានបោះទុនវិនិយោគចំពេលដែលផលិតផល ក៏ដូចជាផលិតផលផ្លែឈើរបស់ប្រជាកសិករត្រូវការទីផ្សារស្រាប់ ហើយក៏ជាឱកាសយ៉ាងប្រពៃសម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋានទទួលបានការងារធ្វើ មានប្រាក់ចំណូលក្នុងគ្រួសារ ឈប់ធ្វើចំណាកស្រុក និងកាត់បន្ថយភាពក្រីក្រ សមស្របតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល៕

ផ្លែឈើដែល​សហគ្រាស​កែច្នៃ គឺ​យកចិត្តទុកដាក់លើ​អនាម័យខ្ពស់ដោយមិនដាក់សារធាតុគីមី ឬមេស្ករនោះឡើយ។ តាម​គម្រោង​សហគ្រាស​អាច​កែច្នៃ​ផ្លែឈើ​បាន​ 2,400,000​កេះ ក្នុងមួយឆ្នាំសម្រាប់ផ្គត់ផ្គង់ជូនទីផ្សារក្នុងស្រុក ហេីយ​នឹង​នាំចេញរាប់ម៉ឺនកេះទៀតសម្រាប់យកទៅលក់នៅក្នុងទីផ្សារអន្តរជាតិ៕