តាំងពីក្រសួងសាធារណការនិងដឹកជញ្ជូនបើកលក់លេខពិសេស និងពិសេសផ្ទាល់ខ្លួន ឃើញអ្នកមានៗ ឬឧកញ៉ាមួយចំនួនបានចំណាយលុយទិញយកទៅបំពាក់ ដើម្បីប្រើប្រាស់ផ្ទាល់ខ្លួនយ៉ាងព្រោងព្រាត។
លេខពិសេសផ្ទាល់ខ្លួន គឺសំដៅលើប្រភេទលេខចុះបញ្ជី ដែលផ្នែកខាងលើមានសរសេរអក្សរខ្មែរ “ កម្ពុជា ” ផ្នែកកណ្ដាល លេខចុះបញ្ជីមានលេខ ឬ/និង អក្សរឡាតាំងមិនលើសពី ៨ខ្ទង់ និងផ្នែក ខាងក្រោមសរសេរអក្សរឡាតាំង “CAMBODIA” នៅពីក្រោមបន្ទាត់ផ្ដេក។
លេខនេះអាចអនុញ្ញាត ឲ្យប្រើប្រាស់បានមួយជីវីត ជាមួយនឹងការរក្សាលេខទុក សម្រាប់ការចុះបញ្ជីជាមួយយានយន្ដរបស់ខ្លួនក្រោយៗទៀត។ លេខពិសេសផ្ទាល់ខ្លួន ជាជម្រើសមួយបន្ថែមសម្រាប់អ្នកដែលចង់បានផ្លាកលេខ ជាឈ្មោះ តួអក្សរ ឬ លេខជាដើម ដែលអាចប្រើបានត្រឹមតែ៨ខ្ទង់។
ចំនួនខ្ទង់កាន់តែច្រើនតម្លៃកាន់តែធូរថ្លៃ។ តម្លៃផ្លាកលេខពិសេសមានតម្លៃចាប់ពី ២លានរៀល ដល់ ១ពាន់លានរៀល គិតជាដុល្លាចាប់ពី ៥០០ដុល្លាដល់ ២៥ម៉ឺនដុល្លាអាមេរិក។ ចំណែកឯពី១ខ្ទង់ ទៅ ៣ខ្ទង់នឹងត្រូវដាក់ដេញថ្លៃ។ ការកំណត់តម្លៃលក់ផ្លាកលេខពិសេស និងការដាក់ឲ្យដេញថ្លៃជាសាធារណៈ ត្រូវផ្អែកលើលក្ខខណ្ឌដូចខាងក្រោម៖
-ចំនួនខ្ទង់កាន់តែតិច តម្លៃកាន់តែខ្ពស់
-ពាក្យពេចន៍នៅក្នុងវចនានុក្រមអង់គ្លេស
-លេខ 168 ឬ អក្សរដូចគ្នា
-លេខ ឬ អក្សររៀងជាប់គ្នាតាមលំដាប់ឡើង
-លេខ ឬ អក្សរ រៀងជាប់គ្នាតាមលំដាប់ចុះ
-លេខ ឬ អក្សរមានលក្ខណៈឆ្លុះ
ជាក់ស្ដែងតម្លៃ ១.០០០លានរៀល គឺជាតម្លៃថ្លៃបំផុតដែលកំណត់ដោយប្រព័ន្ធហើយភាគច្រើនជាលេខមានអក្សរតិច ដូចជាៈ តួអក្សរមួយខ្ទង់ជាដើម ដែលមានជម្រើសមិនច្រើនប៉ុន្មានទេ។ នេះបង្ហាញឲ្យឃើងពីជម្រើសសំបូរបែបបសម្រាប់ប្រជាពលរដ្ឋក្នុងការទិញលេខពិសេសតាមលទ្ធភាព ដើម្បីបំពាក់លើយានយន្ដរបស់ខ្លួន។
លក្ខណៈសម្បត្តិផ្សេងទៀតរបស់ផ្លាកលេខពិសេសផ្ទាល់ខ្លួន គឺត្រូវបានបោះពុម្ពដោយមានអក្សរ “កម្ពុជា” នៅផ្នែក ខាងលើ និងការរួមបញ្ចូលគ្នានៃលេខឡាតាំង ឬអក្សរ ចាប់ពី០១ ដល់ ០៨ខ្ទង់ បោះពុម្ពនៅផ្នែកកណ្តាល ព្រមទាំងមានQR Code នៅផ្នែកខាងស្តាំនៃផ្លាកលេខ ហើយផ្លាកលេខពិសេសនេះ ក៏អាចរក្សាទុកបាន នៅពេលដែលមានការផ្ទេរកម្មសិទ្ធិរថយន្តផងដែរ។
គួរកត់សម្គាល់ផងដែរថា ការដាក់ឱ្យដំណើរការការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ដ ក្នុងគោលបំណងផ្តល់ជម្រើសដល់ប្រជាពលរដ្ឋ ដែលមានលទ្ធភាពអាចជ្រើសរើសផ្លាកលេខ ដែលមាន លក្ខណៈពិសេស អាចកម្ម៉ង់តាមការពេញចិត្ត។ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានអះអាងថា គ្រាន់តែការលក់ស្លាកលេខពិសេស និង ស្លាកលេខពិសេសផ្ទាល់ខ្លួន ក្រសួងរកចំណូលបានដល់ទៅប្រមាណ ៦០លានដុល្លារអាមេរិកឯណោះគិតត្រឹមចុងខែកញ្ញាឆ្នាំ២០២១។