អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក គុណ ញឹម បានបង្ហាញពីយុទ្ធសាស្រ្តក្នុងការប្រមូលពន្ធគយដើម្បីសម្រេចបានតាមផែនការប្រចាំឆ្នាំដែលកំណត់ ដែលក្នុងនោះរដ្ឋាបាលគយបានខិតខំជំរុញយុទ្ធនាការនៃការប្រមូលពន្ធ និងអាកររថយន្តគ្មានពន្ធ។
បន្ថែមលើនេះលោក គុណ ញឹម បានឲ្យដឹងថា គ្រប់អង្គភាពគយ និងរដ្ឋាករត្រូវបន្តផ្សព្វផ្សាយដល់ម្ចាស់រថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសឱ្យបានទូលំទូលាយ តាមការជូនដំណឹងកន្លងមកនៅក្នុងដំណាក់កាលនេះ ម្ចាស់យានយន្តដែលគ្មានពន្ធ គឺនៅទទួលការអនុគ្រោះឱ្យបង់ ប៉ុន្តែនៅឆ្នាំក្រោយសមត្ថកិច្ចនឹងចាត់វិធានការក្តៅលើរឿងនេះ។
បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាប្រចាំខែកញ្ញា ឆ្នាំ២០២១ ឲ្យដឹងថា គយ ប្រមូលពន្ធក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២១ បានចំនួន ៦,៨៨១.៤ ប៊ីលានរៀល ស្មើនឹង ១,៦៩៩.១ លានដុល្លារអាមេរិក ស្មើនឹង ៧១.៩% នៃផែនការប្រចាំឆ្នាំដែលកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ បើធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២០ ថយចុះប្រមាណ ៦.៨%។