ភាពយន្តខ្លី ដែលបានដឹងនាំសម្ដែងដោយក្រុមតារាចម្រៀងពលករមានលោក គុយ លី ជាប្រធានក្រុមនោះ បានផលិតភាពយន្ត ទទួលបានការគាំទ្រកាន់តែច្រើនឡើងៗហើយ ថ្មីៗនេះ ក្រុមមួយនេះទើបតែបញ្ចេញស្នាដៃថ្មី១រឿងទៀតគឺរឿង”លុយធីប”។ គ្រាន់តែបង្ហោះបានប៉ុន្មានថ្ងៃសោះ មានទស្សនាជិត២លានដងទៅហើយ។
[លុយធីប] ជាភាពយន្តអប់រំខ្នាតខ្លី ដែលផលិតឡើងកំរិតFullHD ដែលសាច់រឿងនិយាយពីអ្នកមានលុយចាយវាយខ្ជះខ្ជាយលើរឿងសប្បាយៗ ខណៈដែលមកចាយលុយជាមួយ អ្នកក្រ រិះបេះមិនចេញ តួយ៉ាងដូចតួ ប្រុសក្នុងរឿងនេះ ឲ្យធៀបស្រីរហូតដល់ទៅរាប់សិបដុល្លារ ប៉ុន្តែមកទិញដូង២ផ្លែតថ្លៃបែបពពុះមាត់ ហើយឲ្យលុយគេមិនគ្រប់ទៀត។
3pixels Media កន្លងមកធ្លាប់បានផលិតភាពយន្តខ្លីៗបែបនេះជាច្រើនមកហើយ ក្នុងនោះមានដូចជារឿង”អ្នកក្រ” រឿង “ប្តីដើម ” ជាដើម។ ក្រុម១នេះ មានគ្នា៤ទៅ៥នាក់ ហើយភាពយន្តកន្លងមក មិនទាន់មានក្រុមហ៊ុនមួយណា ជួយដាក់ពាណិជ្ជកម្មនៅឡើយទេ ទើបតែ១រឿងនេះ ត្រូវបានក្រុមហ៊ុន”បុរី ឡេង ណាវ៉ាត្រា”បានធ្វើការឧបត្ថម្ភផ្តាច់មុខតែម្ដង។ ជាផលិតករនិងជាតារាចម្រៀង លោក គុយ លី ពិតជារំភើបជាខ្លាំងនៅពេលមានអ្នកគាំទ្រច្រើនបែបនេះ អ្វីដែលជាពិសេសជាងនេះទៅទៀតនោះ គឺលោកឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើការឧបត្ថម្ភផ្តាច់មុខបែបនេះ។
ជាមួយនិងការគាំទ្រ ហើយនិងដាក់ពាណិជ្ជកម្មផ្តាច់មុខ ពីសំណាក់ លោកឧកញ៉ា ឡេង ណាវ៉ាត្រា បែបនេះ លោកគុយ លី បានប្ដេជ្ញាថា នឹងខិតខំប្រឹង ផលិតឲ្យកាន់តែមានគុណភាពជាងនេះ មិនឲ្យទស្សនិកជនខកបំណងឡើយ។ ចង់ដឹងសាច់រឿង”លុយធីប” របស់ក្រុមលោក គុយ លី មានអត្ថន័យយ៉ាងណាចូលទស្សនាទាំងអស់គ្នា៕