ប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ធំជាងគេទី ៨ លើលោក ត្រៀមបោះទុន ២០០ ពាន់លានដុល្លារ កាត់បន្ថយការបំភាយឧស្ម័នពុល

អន្តរជាតិ

យោងតាមការសិក្សាថ្មីមួយរបស់រដ្ឋាភិបាល បានបង្ហាញនៅថ្ងៃពុធសប្តាហ៍នេះថា ប្រទេសឥណ្ឌូនេស៊ី នឹងត្រូវធ្វើការវិនិយោគចន្លោះពី ១៥០ ពាន់លានដុល្លារ ទៅ ២០០ ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ  ដើម្បីសម្រេចបាននូវគោលដៅកាត់បន្ថយការបំភាយឧស្ម័នពុលទៅក្នុងបរិយាកាស នៅត្រឹមឆ្នាំ ២០៦០ ឬឆាប់ជាងនេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មិនតែប៉ុណ្ណោះ ឥណ្ឌូនេស៊ី ដែលជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ធំជាងគេទី ៨ នៅលើពិភពលោក ក្នុងពេលថ្មីៗនេះបានបង្ហាញពីគោលដៅរបស់ខ្លួន ឆ្ពោះទៅរកការបំភាយឧស្ម័នពុលឲ្យធ្លាក់មកនៅត្រឹមកម្រិតសូន្យ នៅត្រឹមឆ្នាំ ២០៦០ ឬមុននេះ ពីឆ្នាំ ២០៧០ ដែលខ្លួនបានដាក់គោលដៅពីមុន ។

ជាក់ស្តែង នៅក្នុងការសិក្សារបស់ក្រសួងផែនការ អាជ្ញាធរបានរកឃើញថា ការផ្លាស់ប្តូរសេដ្ឋកិច្ច ដើម្បីសម្រេចបានគោលដៅថ្មីនេះ នឹងត្រូវចំណាយទឹកប្រាក់មួយឆ្នាំៗប្រមាណ ២០ ពាន់លានដុល្លារ នៅឆ្នាំ ២០២១ និង ២០២២ ហើយជាមធ្យមចំណាយចន្លោះពី ១៥០ ទៅ ២០០ ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ នៅចន្លោះឆ្នាំ ២០២១ ដល់ ២០៣០ ឬស្មើនឹង ៣,៤% ទៅ ៤,៥% នៃផលិតផលក្នុងស្រុកសរុប (GDP)​ ។

ជាមួយគ្នានេះ របាយការណ៍ដដែលបាននិយាយថា ដើម្បីផ្តល់ហិរញ្ញប្បទានដល់ផែនការមួយនេះបាន រដ្ឋាភិបាលចាំបាច់ត្រូវតែបញ្ឈប់ការឧបត្ថម្ភទៅលើគម្រោងឥន្ធន:ហ្វូស៊ីល និងធ្វើការបែងចែកការវិនិយោគមួយចំនួនឡើងវិញ ដើម្បីបង្កើតជាប្រាក់ចំណូលពីពន្ធលើការបំភាយឧស្ម័នពុល ដែលបានអនុម័តក្នុងពេលថ្មីៗនេះ ។

តាមរយ:ការកាត់បន្ថយការឧបត្ថម្ភទៅគម្រោងឥន្ធន:ហ្វូស៊ីល និងបង្កើតការជួញដូរឧស្ម័នកាបូននេះ រដ្ឋាភិបាលអាចបង្កើតប្រាក់សន្សំ និងចំណូលថ្មី ស្មើនឹង ២,២% នៃផលិតផលក្នុងស្រុកសរុប នៅឆ្នាំ ២០៣០ ។

លើសពីនេះ របាយការណ៍ខាងលើ ក៏បានកត់សម្គាល់ផងដែរថាប្រទេសឥណ្ឌូនេស៊ី ត្រូវការទាក់ទាញអ្នកវិនិយោគផ្នែកឯកជន ដើម្បីមកអភិវឌ្ឍលើរោងចក្រថាមពលកកើតឡើងវិញ៕

ប្រភព: Kelo