ក្នុងសំណេរចែករំលែកបទពិសោធន៍ភាពជាអ្នកដឹកនាំ និងគន្លឹះកសាងភាពខ្លាំង ស្ថាបនិកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អ្នកឧកញ៉ា គិត ម៉េង បានបង្ហើបពីទម្លាប់ប្រចាំថ្ងៃរបស់ខ្លួនមួយ ដែលមានមហាជនភាគតិចណាស់ធ្លាប់បានដឹងពីអាថ៌កំបាំងនៃទម្លាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់លោក។
អ្នកឧកញ៉ា បញ្ជាក់យ៉ាងដូច្នេះថា៖ “ការស្វែងយល់របស់ខ្ញុំតែងតែ «ចាប់ផ្តើមដោយការកំណត់គោលដៅនិងមហិច្ឆតាផ្ទាល់ខ្លួន»។ ការភ្ញាក់ពីដំណេកនៅម៉ោង៥ព្រឹក ជារៀងរាល់ថ្ងៃ ហើយគិតអំពីការធ្វើឱ្យក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប រីកចម្រើន គឺចំណូលចិត្តរបស់ខ្ញុំ។ បើខ្ញុំមិនធ្វើការ ខ្ញុំមានអារម្មណ៍មិនស្រួលខ្លួន។ ខ្ញុំមិនចូលចិត្តធ្វើការងារលំៗនោះទេ ខ្ញុំចូលចិត្តសម្រេចកិច្ចការឱ្យបានល្អ”។
ក្នុងសំណេរលើបណ្ដាញសង្គមដដែលនោះ អ្នកឧកញ៉ា បានលើកឡើងជាសំនួរថា តើយើងត្រូវការអ្វីខ្លះពីចំណុចនៃការចាប់ផ្តើមរហូតអាចធ្វើជាអ្នកជំនាញ?
សំណួរនេះប្រហែលស្តាប់ទៅដូចជាដដែលៗ ប៉ុន្តែខ្ញុំជឿជាក់លើឃ្លានេះដែលបានលើកឡើងថា «ក្នុងដំណើររាប់ពាន់យោជន៍ គឺតែងចាប់ផ្តើមពីមួយជំហានម្តងៗ»។
អ្នកឧកញ៉ា ពោលបន្តទៀតថា៖ “សូម្បីតែជាង៣០ឆ្នាំ នៃដំណើរការរបស់រ៉ូយ៉ាល់គ្រុប ក៏ដោយ ក៏ខ្ញុំមិនអាចជឿជាក់បានទេថាខ្ញុំជាអ្នកជំនាញលើអ្វីៗទាំងអស់នោះទេ។ ខ្ញុំនៅតែបន្តរៀនសូត្រពីអ្នកនៅជុំវិញខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកនៅតែមិនទាន់ដឹងច្បាស់ពីអ្វីដែលអ្នកចង់បានក្នុងជីវិត ដំបូន្មានរបស់ខ្ញុំគឺ អ្នកគួរព្យាយាមធ្វើសកម្មភាពនានា ស្វែងយល់ពីរឿងនានា និងធ្វើអ្វីដែលអ្នកពូកែ ហើយមិនសូវពូកែ”។
ជាសរុបរួម មេរៀនពីភាពជាអ្នកដឹកនាំ និងការកសាងភាពខ្លាំងរបស់បុគ្គលគ្រប់រូប ដើម្បីអាចក្លាយខ្លួនជាមគ្គុទេសន៍ឆ្នើម ដឹកនាំស្ថានប័ន ឬក្រុមហ៊ុនមួយឱ្យរឹងមាំបានយូរអង្វែង ស្ថាបនិកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អ្នកឧកញ៉ា គិត ម៉េង គូសបញ្ជាក់ថា សូមខិតខំសាងសង់មូលដ្ឋានគ្រឹះ ផ្តោតលើអ្វីដែលអ្នកពូកែធ្វើ បូករួមជាមួយសកម្មភាពដែលអ្នករីករាយនឹងធ្វើ និងធ្វើនូវអ្វីដែលផ្តល់ឱ្យអ្នកនូវភាពរំភើបក្នុងការធ្វើវា ទាំងចិត្តនិងកាយ។
មិនថាអ្នកស្ថិតនៅកន្លែងណានៃការវាយតម្លៃរបស់អ្នកដើម្បីក្លាយជាអ្នកជំនាញនោះទេ ខ្ញុំជឿជាក់ថាយើងទាំងអស់គ្នានៅតែត្រូវរៀនសូត្រពីគ្នាទៅវិញទៅមក ហើយយើងតែងតែមានកន្លែងខ្លះសម្រាប់ធ្វើឱ្យប្រសើរទ្បើង។ ជាមួយនឹងពេលវេលានិងការខិតខំ អ្នកនឹងក្លាយជាអ្នកជំនាញលើកិច្ចការមួយពិតប្រាកដ ហើយក៏អាចមានជំនាញផ្សេងៗទៀតផងដែរ៕ ប្រភព៖ Neak Oknha Kith Meng