ប្រិយមិត្តទាំងអស់ទាំងអស់គ្នា ច្បាស់ជាបានស្គាល់ហើយនូវប្រភេទខ្សែភាពយន្តបែបស៊េរីរបស់កូរ៉េ Squid Game ដែលកំពុងតែមានភាពល្បីល្បាញពាសពេញពិភពលោក ដែលធ្វើឲ្យទស្សនិកជននិយាយសរសើរមិនដាច់ពីមាត់ ទាំងសាច់រឿង ក៏ដូចជាតួអង្គសម្តែង និងអ្នកនិពន្ធផ្ទាល់តែម្តង ។
ទន្ទឹមនឹងភាគជោគជ័យដ៏ធំសម្បីមនេះផងដែរ ថ្ងៃនេះយើងនឹងបង្វែចំណាប់អារម្មណ៍របស់លោកអ្នក ឲ្យមកស្គាល់ពីប្រវត្តិខ្លះៗរបស់អ្នកនិពន្ធរឿង Squid Game នេះ ដែលមានភាពតស៊ូខ្លាំង ទម្រាំក្រុមហ៊ុន Netflix យល់ព្រមចាប់ដៃសហការផលិតជាសាច់រឿងឡើងមក ។
លោក Hwang Dong Hyuk កើតនៅថ្ងៃទី ២៦ ខែឧសភាឆ្នាំ ១៩៧១ ក្នុងទីក្រុងស៊េអូលប្រទេសកូរ៉េខាងត្បូង ហើយលោកត្រូវបានគេស្គាល់ថាជាអ្នកផលិត ជាអ្នកនិពន្ធ និងជាអ្នកដឹកនាំរឿង Squid Game ដែលកំពុងផ្ទុះការគាំទ្រខ្លាំង នៅលើ Netflix នេះឯង ខណ:រឿងនេះដែរត្រូវបានចេញផ្សាយទូទាំងពិភពលោកលើកដំបូង នៅថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ ២០២១ ។
ទន្ទឹមនឹងនេះ បុរសវ័យ ៥០ ឆ្នាំរូបនេះ ហាក់មិនបានផ្តល់ព័ត៌មានជាក់លាក់ណាមួយទាក់ទងនឹងជីវិតផ្ទាល់ខ្លួនរបស់លោកឡើយ ស្របពេល ស្ថានភាពទំនាក់ទំនងបច្ចុប្បន្នរបស់លោកក៏មិនទាន់ត្រូវបានបង្ហាញនៅឡើយដែរ។ ប៉ុន្តែលោក Hyuk ត្រូវបានគេដឹងថានៅមុនពេលរឿង Squid Game នេះចេញជារូបរឿងឡើង លោកបាន ជួបវិបត្តិហិរញ្ញវត្ថុកាលពីប៉ុន្មានឆ្នាំមុន ក្រោយមកត្រូវបានគេបដិសេធអស់ការងារអស់រយៈពេល ១០ ឆ្នាំ ព្រោះតែទប់នឹងវិបត្តិសេដ្ឋកិច្ចមិនបាន គាត់ថែមទាំងត្រូវបង្ខំចិត្តលក់កុំព្យូទ័រយួរដៃ ដែលមានតម្លៃ ៦៧៥ ដុល្លាររបស់ខ្លួនទៀតផង ។
យ៉ាងណា លោក Hyuk ប្រឹងប្រែងសរសរស្រ្ទីបរឿង Squid Gamer រហូតដល់ចប់ ប៉ុន្តែនៅពេលនោះស្មាដៃរបស់លោក មិនបានទទួលស្គាល់ដោយក្រុមហ៊ុនណាមួយនោះឡើយ រហូតដល់ឆ្នាំ ២០១៩ គឺជាពេលដែលក្រុមហ៊ុន Netflix បង្ហាញចំណាប់អារម្មណ៍ទៅលើសាច់រឿងរបស់គាត់ និងចាប់ផ្តើមសហការផលិតឡើង។
សូមបញ្ជាក់ គិតមកដល់ម៉ោងនេះ Squid Game បានក្លាយជារឿងមួយ ក្នុងចំណោមរឿងដែលមានអ្នកទស្សនាច្រើនបំផុតរបស់ក្រុមហ៊ុន Netflix នៅទូទាំងពិភពលោក ។
ដោយឡែក បើគិតត្រឹមឆ្នាំ ២០២១ នេះ ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ លោក Hwang Dong Hyuk ត្រូវបានគេប៉ាន់ប្រមាណថាមានប្រហែល ៥ លានដុល្លារ ពោលគឺជាចំនួនកើនឡើងច្រើនបំផុត ក្នុងរយៈពេលពីរ បីឆ្នាំចុងក្រោយនេះ ដោយសារការបណ្តាក់ទុនដឹកនាំរឿង“ Squid Game” របស់គាត់នេះឯង ៕
ប្រភព: Exactnetworth