រយៈពេល៤ថ្ងៃនៃទិវាឯករាជ្យជាតិនិងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅខេត្តសៀមរាបឆ្នាំ២០១៩ មានភ្ញៀវទេសចរមកទស្សនារមណីយដ្ឋានអង្គរយ៉ាងច្រើនកុះករ។
ក្រៅតែបងប្អូនជាភ្ញៀវជាតិអញ្ជើញមកចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅក្នុងទីរួមខេត្តសៀមរាបដូចរាល់ឆ្នាំ នៅឯរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាក៏បានរៀបចំពិធីទទួលទានអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ ស្របនឹងការប្រារព្វពិធីបុណ្យឯករាជ្យជាតិលើកទី៦៦ ដោយមានការដាក់តាំងបង្ហាញឧបករណ៍បុរាណខ្មែរប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងការបង្កើតសកម្មភាពជាក់ស្តែងក្នុងការច្រូតកាត់ស្រូវ បោកបែនស្រូវ លីងស្រូវ និងដាល់អំបុក។
បន្ថែមលើនេះទៀត ក្នុងកិច្ចសហការផ្សព្វផ្សាយអំពីវប្បធម៌ជំនឿ ប្រពៃណីខ្មែរ អាជ្ញាធរជាតិអប្សរាជាមួយក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានរៀបចំពិធីបួងសួងសុំសេចក្តីសុខ និងពិធីមហាសង្ឃទានដារពិស្តារ៤៩ចប់ រាប់បាត្រព្រះសង្ឃចំនួន៥០០០អង្គក្នុងបរិវេណព្រះលានជល់ដំរី ក្រុងអង្គរធំ ចាប់ពីថ្ងៃសៅ ១៣កើតរហូតដល់ថ្ងៃអង្គារ ១រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៩-១២ ខែ វិច្ឆិកា ឆ្នាំ២០១៩។ ទិដ្ឋភាពនៃពិធីទាំងនេះ បានញ៉ាំងឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិចូលរួមនិងមកទស្សនាយ៉ាងច្រើនកុះករក្រៃលែង៕
អត្ថបទនិងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយអាជ្ញាធរជាតិអប្សរា Apsara Authority