មហាសេដ្ឋីរុស្ស៊ី Oleg Tinkov ដែលជាម្ចាស់ក្រុមហ៊ុន Tinkoff Bank ដែលជាប់ឈ្មោះជាក្រុមហ៊ុនរ៉ាប់រងនូវប័ណ្ណឥណទានធំបំផុតទី ២ នៅប្រទេសរុស្ស៊ី ត្រូវបានឃាត់ខ្លួននៅទីក្រុងឡុងដ៍ បន្ទាប់ពីរងការចោទប្រកាន់ពីរដ្ឋាភិបាលអាមេរិកពីបទគេចវេសការបង់ពន្ធនៅអាមេរិកកាលពីឆ្នាំ ២០១៣ ដែលគ្រានោះលោកបានប្រកាសលុបចោលសញ្ជាតិអាមេរិក ដើម្បីគេចវេសបង់ពន្ធ។
យ៉ាងណា បន្ទាប់ពីរងការចោទប្រកាន់ពីសំណាក់អាជ្ញាធរអាមេរិក និងឈានទៅដល់ការឃាត់ខ្លួនកាលពីខែកុម្ភៈ ២០២០ ផងនោះ លោកក៏បានប្រកាសកាលពីពេលថ្មីៗនេះថា នឹងយល់ព្រមបង់ប្រាក់ពិន័យប្រមាណ ៥០៧ លានដុល្លារដើម្បីបញ្ចប់ក្ដីក្ដាំនេះ។
បើតាមអ្នកនាំពាក្យរបស់ Oleg បានអះអាងថា បច្ចុប្បន្ន Oleg កំពុងនៅក្រៅឃុំទេ ព្រោះលោកត្រូវការពេលសម្រាកព្យាបាលជំងឺកាចសាហាវ គឺមហារីកគ្រាប់ឈាម ដូច្នេះទើបលោកសុខចិត្តជះលុយប្រមាណកន្លះពាន់លានដុល្លារ ដើម្បីបញ្ចប់រឿងរ៉ាវនេះឲ្យឆាប់ៗ។
ដោយឡែក ករណីរឿងក្ដីរបស់មហាសេដ្ឋីរុស្ស៊ីរូបនេះ គឺគេសន្និដ្ឋានថា អាចនឹងបញ្ចប់ជាស្ថាពរនៅចុងខែតុលានេះ ស្របពេលបើទោះជាទទួលរងការពិន័យជាង ៥០០ លានដុល្លារក្ដី តែវាគ្រាន់តែជាចំណែកតូចមួយរបស់មហាសេដ្ឋី Oleg ប៉ុណ្ណោះ ពោលបន្ទាប់ពីបង់ប្រាក់ពិន័យរួចរាល់ទ្រព្យសម្បត្តិរបស់លោក Oleg នឹងនៅសល់ប្រមាណ ៧,៥ ពាន់លានដុល្លារទៀតឯណោះ៕
ប្រភព: celebritynetworth