រុស្ស៊ី​នៅ​ត្រៀម​ផ្គត់ផ្គង់​ហ្គាស​ទៅ​តំបន់​អឺរ៉ុប​ថែម បើ​ទោះ​តម្រូវការ​ក្នុង​ស្រុក​កើន​​លើសលុប​ក្ដី​

អន្តរជាតិ

ការ​ប្រើប្រាស់​ហ្គាស​នៅ​ប្រទេស​រុស្ស៊ី​គឺ​កំពុង​មាន​ការ​កើនឡើង​ខ្ពស់​ អាច​ចូល​ដល់​កំណត់ត្រា​ផង តែ​ប្រទេស​មួយ​នេះ​នៅ​បន្ត​ត្រៀមខ្លួន​ផ្គត់ផ្គង់​ហ្គាស​ទៅ​ប៉ែក​អឺរ៉ុប បន្ទាប់​ពី​ទទួល​បាន​ការ​បញ្ជា​ទិញ​។ នេះ​បើតាម​ការ​លើក​ឡើង​ពី​ឧបនាយក​រដ្ឋមន្ត្រី​ Alexander Novak បាន​និយាយ​កាលពី​ថ្ងៃសៅរ៍​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តម្លៃ​ហ្គាស​នៅ​អឺរ៉ុប​មាន​ការ​កើនឡើង​ខ្លាំង​រហូត​ដល់ ៨០០% ឆ្នាំ​នេះ ស្របពេល​តម្រូវការ​ក៏​មាន​សន្ទុះ​​មិន​ធម្មតា បន្ទាប់ពី​មាន​ការ​ងើប​ឡើង​វិញ​ខ្លះ​ៗនៃ​កំណើន​សេដ្ឋកិច្ច ក្រោយ​រងការ​ប៉ះពាល់​ពី​វិបត្តិ​កូវីដ ១៩។

ជាមួយគ្នា​នោះ រុស្ស៊ី​ដែល​ជា​កូនសោ​សំខាន់​នៃ​ការ​ផ្គត់ផ្គង់​ហ្គាស​នៅ​តំបន់​អឺរ៉ុប​បាន​អះអាង​ថា អាច​ផ្គត់ផ្គង់​ហ្គាស​ដល់​បណ្ដា​ប្រទេស​ផ្សេងៗ​បាន​ ខណៈ​ការ​ផ្គត់ផ្គង់​ទាំង​នេះ​នៅ​មិនទាន់​លេច​ចេញ​ជា​រូបរាង​នៅ​ឡើយ។

ការ​ផលិត​ និង​ផ្គត់ផ្គង់​ហ្គាស​ទៅ​ប៉ែក​អឺរ៉ុប​របស់​រុស្ស៊ី​គឺ​កំពុង​កៀក​ខ្លាំង​មែនទែន​ ដល់​ចំណុច​បំបែក​កំណត់ត្រា តែ​មុន​នឹង​អាច​​នាំ​យក​ហ្គាស​ទៅ​លក់​លើ​ទីផ្សារ​អឺរ៉ុប​បាន ចាំបាច់​ត្រូវ​បំពេញ​កន្លែង​ផ្ទុក​ឧស្ម័ន​របស់​ពួកគេ​ជាមុន​សិន ពោល​អាចនឹង​បញ្ចប់​នៅ​ចុង​ខែ​តុលា​នេះ។

លោក Novak មិនបាន​បញ្ជាក់​ទេ​ថា កន្លែង​ផ្ទុក​ឧស្ម័ន​របស់​ប្រទេស​រុស្ស៊ី​មាន​ទំហំ​ធំ​ប៉ុណ្ណា តែ​គេ​សន្និដ្ឋាន​ថា បរិក្ខារ​ក្រោមដី​នៅ​តំបន់​អឺរ៉ុប​គឺ​កំពុង​ខ្វះខាត​ឧស្ម័ន​ប្រហែល ២៥ ពាន់​លាន​ម៉ែត្រ​គីប។ លោក​បាន​អះអាង​ថា បើ​ទោះ​ជា​តម្រូវការ​ក្នុងស្រុក​មាន​ការ​កើនឡើង​ខ្ពស់​ក្ដី ក៏​វា​នឹង​មិន​អាច​បញ្ឈប់​រុស្ស៊ី​ក្នុង​ការ​បន្ត​ផ្គត់ផ្គង់​ហ្គាស​ទៅ​កាន់​តំបន់​អឺរ៉ុប​បាន​ដែរ​៕

ប្រភព: Money