បើទោះបីស្ថានភាពហិរញ្ញវត្ថុបានពីវិភាគទានមានការធ្លាក់ចុះដោយសារវិបត្តិកូវីដ-១៩ យ៉ាងណាក្តី សកម្មភាពពិនិត្យ និងព្យាបាលអ្នកជំងឺ ពិសេសស្ត្រីមានផ្ទៃពោះ និងកុមាររបស់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផានៅតែមមាញឹក។
ដើម្បីចូលរួមចំណែកគាំទ្រដល់សកម្មភាពរបស់មន្ទីរពេទ្យ ឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស នៅថ្ងៃទី២០ តុលានេះ បានយកទឹកប្រាក់ចំនួន 50,000,000រៀល ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលនេះគឺជាលើកទី ៤ ហើយក្នុងឆ្នាំ ២០២១នេះ របស់លោកក្នុងការនាំនូវថវិកាជូនដល់ទោះបីអាជីវកម្មទាំងឡាយប្រឈមនិងបញ្ហាជាច្រើនក្នុងបរិបទកូវីដក៏ដោយ។
បើតាមជំនួបជាមួយប្រធានមន្ទីរពេទ្យថ្ងៃនេះ ឧកញ៉ា សួរ វីរៈ បានបញ្ជាក់ឲ្យដឹងថា មន្ទីរពេទ្យគន្ធបុប្ផាកំពុងតែខ្វះខាតថវិកាយ៉ាងខ្លាំង ក្នងបរិបទកូវីដ-១៩ ដោយសារអំណោយពីគ្រប់ទិសទីមានការធ្លាក់ចុះ ហើយលោកឧកញ៉ាសង្ឃឹមថា ប្រជាពលរដ្ធយើងចូលរួមជួយតាមលទ្ធភាព ដើម្បីកុមារជាតិយើង ទោះបីម្នាក់1$ក្តីជាការចូលរួម ដើម្បីសង្គម និងប្រទេសជាតិ។
លោកឧកញ៉ាគូសបញ្ជាក់ថា ស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ លោកនៅសន្យាថានឹងបន្តការគាំទ្រជាបន្តបន្ទាប់ ដើម្បីកុមារកម្ពុជា។
យ៉ាងណាក្ដី លោក DenisLaurent អគ្គនាយកមូលនិធិគន្ធបុប្ផាបានថា ថ្វីបើក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩នេះ ខាងមន្ទីរពេទ្យទទួលបានកញ្ចប់ថវិកាវិភាគទានតិចតួចពីប្រទេសស្វ៊ីស និងកម្ពុជាក៏ដោយ ក៏ប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ផានៅតែបន្តដំណើរការយ៉ាងសកម្មដោយឈរលើស្មារតីមនុស្សធម៌។
បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជានៅក្នុងឆ្នាំ ២០២០ កន្លងទៅមន្ទីរពេទ្យគន្ធបុប្ផាបានទទួលកុមារមកពិគ្រោះ និងព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅចំនួន ៦៣៩ ២៦៨ ករណី,ស្ត្រីមានផ្ទៃពោះចំនួន ១៣២ ៤៤៣ ករណី,កុមារបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ១៣៣ ០២៦ នាក់ ហើយក្នុងចំណោមនោះមានជំងឺគ្រុនឈាមធ្ងន់ធ្ងរ ៤ ៤៨៨ នាក់,ជំងឺគ្រុនឈីក ១ ៤៩២ នាក់ និងវះកាត់សរុប ២៤ ៨២២ នាក់៕