ធនាគារ សហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank) បានប្រកាសស្វាគមន៍ ធនាគារ វីង (ខេមបូឌា) ម.ក របស់អ្នកឧកញ៉ាគិត ម៉េង ក្នុងគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី២។
គម្រោងនេះត្រូវបានផ្តួចផ្តើមឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ទាប ដល់សហគ្រាសធុនតូច និងមធ្យម (SME) ឱ្យមានលទ្ធភាពក្នុងការពង្រីក និងអភិវឌ្ឍអាជីវកម្មរបស់ខ្លួន។
តាមរយៈភាពជាដៃគូនេះ ម្ចាស់សហគ្រាសធុនតូច និងមធ្យម នឹងអាចទទួលបានឥណទានដែលមានអត្រាការប្រាក់សមរម្យតាមរយៈធនាគារវីង ភ្នាក់ងារវីងនៅទូទាំងប្រទេសកម្ពុជា។
កាលពីដើមឆ្នាំ២០២១ វីងបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើប្រតិបត្តិការជាធនាគារពាណិជ្ជក្រោមឈ្មោះ «ធនាគារ វីង (ខេមបូឌា) ម.ក។ ជាមួយនឹងការផ្តល់អាជ្ញាប័ណ្ណនេះ ធនាគារវីងអាចផ្តល់ជូននូវផលិតផល និងសេវាកម្មធនាគារជាច្រើន ដូចជាការផ្តល់ប្រាក់កម្ចី និងការទទួលបា្រក់បញ្ញើពីសាធារណៈជនជាដើម៕