កំណត់ត្រាអាក្រក់​បំផុត​ជាង ៦០ ឆ្នាំ​ Volkswagens ផលិត​​រថយន្ត​តិច​មិន​ធ្លាប់​មាន​

អន្តរជាតិ

កាលពី​ពេល​ថ្មីៗនេះ ក្រុមហ៊ុន Volkswagen បាន​ប្រកាស​ថា រោងចក្រ​ផលិត​រថយន្ត​ធំ​បំផុត​នៅ​ទីក្រុង​Wolfsburg មាន​អត្រា​ផលិត​រថយន្ត​ទាប​បំផុត​មិន​ធ្លាប់​មាន​ពីមុន​មក​នៅក្នុង​ឆ្នាំ​នេះ ពោល​ត្រឹម ៣០ ម៉ឺន​គ្រឿង​ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ស្ថិតិ​នេះ​គឺ​តិចជាង​ចំនួន​ជា​មធ្យម​នៃ​ការ​ផលិត​រាល់ដង​ឆ្ងាយ​បើធៀប​នឹង​មុនពេល​មាន​បញ្ហា​កូវីដ ១៩ ស្របពេល​វា​ជា​តួលេខ​ទាប​មិនធ្លាប់​មាន​គិត​ចាប់​តាំងពី​ឆ្នាំ ១៩៥៨ មក​ទល់​បច្ចុប្បន្ន។

រោងចក្រ​ផលិត​រថយន្ត​ក្រុមហ៊ុន Volkswagen នៅ​ទីក្រុង Wolfsburg ជា​ទូទៅ​តែង​ផលិត​រថយន្ត​ជាច្រើន​ម៉ូដ​មាន​ដូចជា Golf, Tiguan និង Seat ជាដើម ​ដែល​ក្នុងមួយឆ្នាំៗ​តែងតែ​វៃចេញ​ខ្ទង់​ប្រមាណ ៧៨០ ០០០ គ្រឿង​ក្នុង​រយៈកាល​មួយ​ទសវត្ស​ចុងក្រោយ ខណៈ​នៅ​ឆ្នាំ​ ២០១៨ ក្រុមហ៊ុន​ធ្លាប់​ទាំង​មាន​ចក្ខុវិស័យ​បង្កើន​អត្រា​ផលិត​ដល់ ១ លាន​គ្រឿង​ផង។

តែ​នៅ​ឆ្នាំ ២០២០ ដោយសារ​ការ​ផ្គត់ផ្គង់​មាន​បញ្ហា​រាំងស្ទះ បាន​បណ្ដាល​ឲ្យ​ចំនួន​ផលិត​មាន​ការ​ធ្លាក់ចុះ​មកសល់​ត្រឹម ៥០០ ០០០ គ្រឿង​វិញ ហើយ​គាប់ជួន​ឆ្នាំ​នេះ​ ការ​ផ្គត់ផ្គង់​បន្ទះ​ឈីប​រថយន្ត​មាន​ការ​ខ្វះខាត​ផង ទើបធ្វើឲ្យ​ការ​ផលិត​កាន់តែ​ធ្លាក់ចុះ​ជាង​មុន​ថែម​ទៀត។​

ដោយឡែក​បើ​តាម​អ្នកនាំពាក្យ​របស់​ Volkswagen បាន​ឲ្យ​ដឹងថា បញ្ហា​ដែល​ក្រុមហ៊ុន​កំពុង​ជួប​ប្រទះ​នាពេលនេះ គឺ​អាច​នឹង​ពន្យារពេល​ដល់ឆ្នាំ ២០២២ បើសិន​ការ​ផ្គត់ផ្គង់​បន្ទះ​ឈីប​នៅ​តែមាន​បញ្ហា​រអាក់រអួល​បែបនេះ។

បញ្ជាក់​ដែរ​ថា Volkswagen គឺ​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំ​បំផុត​មួយ​លើ​លោក ដែល​ពេលនេះ​ពួកគេ​ក៏​កំពុង​សិក្សា​ពី​ការ​ផលិត​រថយន្ត​អគ្គិសនី​ដូច Tesla ដែរ តែ CEO Herbert Diess បាន​បង្ហើប​ឲ្យ​ដឹងថា បើសិន​គ្រោង​ការ​ផលិត​រថយន្ត​អគ្គិសនី​មាន​ការ​រាំងស្ទះ​ដោយ​ប្រការ​ណាមួយ នោះ​ក្រុមហ៊ុន​នឹង​ត្រូវ​បញ្ឈប់​បុគ្គលិក​ប្រមាណ ១/៤ ឬ ៣ ម៉ឺន​នាក់៕
ប្រភព: Kelo