កាលពីពេលថ្មីៗនេះ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានប្រកាសដាក់ឲ្យប្រើប្រាស់នូវបណ្ដាញសង្គមថ្មីដែលលោកទើបនឹងបង្កើតឡើង ដោយមានឈ្មោះថា TRUTH Social ក្នុងគោលបំណងប្រជែងជាមួយក្រុមហ៊ុនយក្សដូចជា Twitter និង Facebook ដែលកន្លងមកធ្លាប់បានបិទគណនីរបស់លោកនៅលើ Platforms ទាំងនោះ។
បណ្ដាញសង្គមថ្មី TRUTH Social នឹងបង្កើតឡើងក្រោមការសហការគ្នារវាងក្រុមហ៊ុនដូចជា Trup Media និងក្រុមហ៊ុន Technology Group ក៏ដូចជាភ្នាក់ងារទិញសិទ្ធផ្សព្វផ្សាយនានា។
“ពួកយើងរស់នៅក្នុងពិភពលោកមួយដែលក្រុមឧទ្ទាមតាលីបង់មានឥទ្ធិពលនៅលើ Twitter ខណៈប្រធានាធិបតីដែលប្រជាជនអាមេរិកស្រឡាញ់គាំទ្របែរជាត្រូវបានគេបិទគណនីទៅវិញ នេះគឺជារឿងដែលមិនអាចទទួលយកបានទេ”។ នេះបើតាមការនិយាយរបស់ Trump នៅក្នុងសាលសន្និសិទកាសែត។
“ខ្ញុំពិតជាមានសេចក្ដីរំភើបដែលអាចនិយាយការពិតនៅលើ TRUTH Social បាននាពេលដ៏ខ្លីខាងមុខ TMTG គឺបង្កើតឡើងដើម្បីតែគោលបំណងចង់ឲ្យគ្រប់គ្នាដឹងពីការពិត ហើយខ្ញុំពិតជាសប្បាយចិត្តនៅពេលដែលអាចចែករំលែកទស្សនៈនៅលើ TRUTH Social និងអាចប្រជែងជាមួយក្រុមហ៊ុនធំៗ”។
បើតាមការថ្លែងប្រាប់នៅក្នុងសាលសន្និសិទកាសែត Trump Media និង Technology Group និង Digital World Acquisition Corp នឹងបញ្ចូលគ្នាជាក្រុមហ៊ុនតែមួយ ប្រសិនបើទទួលបានការអនុញ្ញាតពីម្ចាស់ភាគហ៊ុនរៀងៗខ្លួន។
បញ្ជាក់ដែរថា TRUTH Social មានគម្រោងដាក់ឲ្យប្រើប្រាស់សាកល្បង Beta សម្រាប់ភ្ញៀវកិត្តិយសផ្សេងៗនៅខែវិច្ឆិកា និងអាចដាក់ជាលក្ខណៈសកលលោកនៅត្រីមាសទី ១ នៅឆ្នាំ ២០២២៕
ប្រភព: Kelo