គ្រាន់តែ​​បិទ​ប្រទេស​មួយ​ខែ សិង្ហបុរី​ចាយលុយ​​ជិត ៥០០ លាន​ដុល្លារ​ ​ជួយ​អាជីវកម្ម​ក្នុង​ស្រុក

អន្តរជាតិ

​កញ្ចប់​ថវិកា​ប្រមាណ ៦៤០ លាន​ដុល្លារ​សាំងហ្គាពួរ​ ឬ​ ៤៧៦ លាន​ដុល្លារ​អាមេរិក នឹង​ត្រូវ​ទម្លាក់​សម្រាប់​ជួយ​ទ្រទ្រង់​ដល់​អាជីវកម្ម​ក្នុង​ស្រុក​នៅ​ប្រទេស​សិង្ហបុរី ក្រោយ​ធ្វើការ​ប្រកាស​ថ្មីៗនេះ​ថា នឹង​បន្ត​អនុវត្ត​ច្បាប់​ចត្តាឡឺស័ក​យ៉ាងយូរ​មួយខែ​ទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កន្លង​មក​ការ​អនុវត្ត​ច្បាប់ចត្តាឡឺស័ក​បាន​ធ្វើ​កាលពី​ថ្ងៃទី ២៧ ​កញ្ញា ដើម្បី​ជួយ​កាត់​បន្ថយ​ភាព​តានតឹង​សម្រាប់​ប្រព័ន្ធ​សុខាភិបាល​ក្នុងប្រទេស នឹង​បញ្ចប់​នៅ​ថ្ងៃទី ២៤ តុលា​ខាងមុខ តែ​ថ្មីៗនេះ​វា​បាន​បន្ត​រហូត​ដល់​ថ្ងៃទី ២១ ​វិច្ឆិកា ឬ​អាច​ខ្លីជាង​នេះ​ ស៊ីសង​លើ​ការ​វាយ​តម្លៃពី​មន្ទីរសុខាភិបាល ​ប្រចាំ​ប្រទេស។​

ដោយសារសិង្ហបុរី​នៅ​បន្ត​អនុវត្ត​វិធានការ​ទប់ស្កាត់​កូវីដ ១៩ ទើប​រដ្ឋាភិបាល​នឹង​ជួយ​​គម្រោង​ទ្រទ្រង់​អាជីវកម្ម​ក្នុងស្រុក​ដល់ថ្ងៃទី ២១ ​វិច្ឆិកា ដោយ​ផ្ដល់​ជាជំនួយ ២៥% សម្រាប់​វិស័យ​ណា​ដែល​រងផល​ប៉ះពាល់​ខ្លាំង​ដោយ​ការ​រឹតបន្តឹង​មួយ​នេះ។

វិធានការ​ទ្រទ្រង់​អាជីវកម្ម​ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជិត​កន្លះ​ពាន់​លាន​ដុល្លារ​នេះ នឹង​ក្ដោប​លើ​វិស័យ​ជាច្រើន​រួមមាន អាជីវកម្ម​ទាក់ទង​ផ្នែក​អាហារ​និង​ភេសជ្ជៈ អាជីវកម្ម​លក់ដូរ​តូចតាច រោងកុន សារមន្ទីរ ទេសចរណ៍ កន្លែង​ហាត់ប្រាណ កន្លែងកម្សាន្ត​នានា។

ដោយឡែក​អ្នក​ដែល​ជួល​កន្លែង​រកស៊ី​ដែល​ជា​កម្មសិទ្ធិ​របស់​រដ្ឋាភិបាល​ នឹង​អនុគ្រោះ​សម្រាប់​ថ្លៃឈ្នួល​រយៈពេល​កន្លះខែ ស្របពេល​អ្នក​ប្រកប​របរ​រត់​តាក់ស៊ី​វិញ នឹង​ទទួល​បាន​ទឹកប្រាក់​ចន្លោះពី ៥ ទៅ ១០ ដុល្លារ​សាំងហ្គាពួរ​ជា​រៀងរាល់ថ្ងៃ​សម្រាប់​ខែ​វិច្ឆិកា និង​ធ្នូ។

ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា ​កញ្ចប់​ជំនួយ​ចុងក្រោយ​នេះ គឺ​ជា​មូលនិធិ​ទទួល​បាន​ច្រើន​ជាង​ការ​រំពឹងទុក​មក​ទល់ពេល​បច្ចុប្បន្ន ហើយ​វា​ក៏នឹង​មិន​ប៉ះពាល់​ដល់​កញ្ចប់​ទុន​បំរុង​ផ្សេងៗឡើយ៕

ប្រភព: channelnewsasia