រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកឱ្យមានទិដ្ឋាការ- Visa ទេសចរណ៍ ដើម្បីទទួលភ្ជៀវទេសចរ ចូលមកទស្សនាកម្សាន្តនៅកម្ពុជាឡើងវិញ។ បើតាមការឲ្យដឹងពីលោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២២ ខែតុលានេះ។
ការដាក់ចេញវិធានការថ្មីនេះ ស្របដែលកម្ពុជាទើបនឹងបើកប្រទេសឡើងវិញបណ្តើរៗជាជំហាន ដោយមានការប្រុងប្រយ័ត្នខ្ពស់តាមគន្លងប្រក្រតីភាពថ្មី ដើម្បីស្តារសេដ្ឋកិច្ចពីវិបត្តិកូវីដ-១៩។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងថា មកទល់ពេលនេះមានជើងហោះហើរមួយចំនួនមកកម្ពុជា មាន ចិន កូរ៉េ និងសិង្ហបុរី។ ដោយសារស្ថានភាពវ៉ាក់សាំងបានច្រើន ក៏ត្រូវពិចារណាក្នុងការតភ្ជាប់ពីបណ្តាប្រទេសមួយចំនួនទៀតដូចជា ថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងប្រទេសផ្សេងទៀត។
សូមបញ្ជាក់ថា វ៉ាក់សាំងបង្ការកូវីដ បានចាក់នៅតាមប្រទេសជាច្រើនរួចមកហើយ ខណៈដែលកម្ពុជាក៏បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដល់ពលរដ្ឋប្រមាណជាង ៨៥ ភាគរយ ហើយការបើកដំណើរការហោះហើរឡើងវិញនេះ គឹដើម្បីស្តារសេដ្ឋកិច្ចនាំលំហូរទេសចរណ៍ និងអ្នកវិនិយោគ៕