ជារឿងគួរឲ្យត្រេកអរសម្រាប់ប្រជាជននៅទីក្រុង Melbourne ប្រទេសអូស្ត្រាលីដោយកាលពីពេលថ្មីៗនេះ អាជ្ញាធរមូលដ្ឋានបានប្រកាសនឹងបើកដំណើរការជាធម្មតាឡើងវិញ បន្ទាប់ពីបិទធ្វើចត្តាឡឺស័កមួយទីក្រុង ក្នុងរយៈពេលយូរបំផុតមួយលើពិភពលោក។
ទីក្រុងMelbourne ដែលជាទីក្រុងមានប្រជាជនរស់នៅច្រើនបំផុតទី ២ បន្ទាប់ពី Sydney បានធ្វើការបិទក្រុងអស់រយៈពេល ២៦២ ថ្ងៃ ឬជិត ៩ ខែ បន្ទាប់ពីប្រកាសអាសន្នដោយសារការឆ្លងរាលដាលកូវីដ ១៩ ខ្លាំងៗដល់ទៅ ៦ លើកគិតចាប់ពីខែមីនា ២០២០មក។
តែពេលវេលាដ៏ធុញទ្រាន់ដែលឲ្យនៅតែផ្ទះមិនអាចទៅណាកើតនោះ បានបញ្ចប់ហើយនៅថ្ងៃសុក្រនេះ ដោយប្រជាជននៅទូទាំងទីក្រុងបានមានសេចក្ដីត្រេកអរជាខ្លាំង បន្ទាប់ពីអាជ្ញាធរប្រកាសអនុញ្ញាតឲ្យប្រជាជនមានសេរីភាពដើរហើរវិញខ្លះ។
យ៉ាងណា ការបើកទីក្រុងវិញនេះមិនមែនបើកជាលក្ខណៈទូលំទូលាយនៅឡើយ ដោយអាហារដ្ឋាន និងហាងកាហ្វេទាំងអស់អាចបើកលក់ជាធម្មតា តែតម្រូវឲ្យមានភ្ញៀវត្រឹម ២០ នាក់នៅក្នុងហាង និងច្រើនបំផុត ៥០ នាក់នៅក្រៅហាង ដែលគ្រប់អតិថិជនត្រូវតែជាបុគ្គលដែលបានចាក់វ៉ាក់សាំងរួចរាល់។
គិតមកត្រឹមពេលនេះ ចំនួនមនុស្សពេញវ័យដែលទទួលបានការចាក់រ៉ាក់សាំងទូទាំងប្រទេសអូស្ត្រាលីគឺមានលើសពី ៧០% តែការពាក់ម៉ាសនៅតែតម្រូវឲ្យគោរពតាមជានិច្ច តែបើប្រៀបធៀបជាមួយប្រទេសធំៗផ្សេងៗ អូស្ត្រាលីអាចនិយាយថាមានអត្រាឆ្លងទាបជាង ពោល ត្រឹម ១៥២ ០០០ ករណី និងចំនួនមនុស្សស្លាប់មាន ១៥៩០។
បញ្ជាក់ដែរថា ការបើកទីក្រុងMelbourne ឡើងវិញ នឹងជួយជម្រុញសេដ្ឋកិច្ចក្នុងស្រុកដល់ទៅ ១,៥១ ទ្រីលានដុល្លារ បន្ទាប់ពីការបិទក្រុងមួយនេះជាច្រើនខែ បានធ្វើឲ្យប្រទេសប៊ិះធ្លាក់ចូលអន្លង់វិបត្តិសេដ្ឋកិច្ចលើកទី ២ ដែលធ្លាប់កើតមានជាច្រើនឆ្នាំមុន៕
ប្រភព: Kelo