សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានបង្ហាញនូវការដឹងគុណ និងការវាយតម្លៃខ្ពស់ជាថ្មីម្តងទៀតចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរស្វែងរកសន្តិភាព ឯកភាពជាតិ ព្រមទាំងការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ តាមរយៈការផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ជំនួយបច្ចេកទេសនានា និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងការវិនិយោគរបស់វិស័យឯកជនជប៉ុននៅកម្ពុជា។
សម្ដេច ហ៊ុន សែន រួមជាមួយនឹងលោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ នឹងធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងផ្តល់អាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្ស ក្នុងទំហំទឹកប្រាក់៣៣៩លានយ៉េន និងគម្រោងសង់ឃ្លាំងកុងតឺន័រនៅតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងទំហំទឹកប្រាក់២០០លានយ៉េន។
ក្នុងក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការផ្លូវការ គិតចាប់ពីឆ្នាំ១៩៩២ដល់ឆ្នាំ២០១៨ មិត្តជប៉ុនបានផ្តល់ហិរញ្ញប្បទានសហប្រតិបតិ្តការផ្លូវការយ៉ាងច្រើនសន្ធឹកសន្ធាប់ប្រមាណជាង ២,៨ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ១៥% នៃហិរញ្ញប្បទានសរុបរបស់ដៃគូអភិវឌ្ឍន៍ទាំងអស់ សម្រាប់ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា មិត្តជប៉ុន បាន និងកំពុងគាំទ្រលើគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ការកសាងស្ពានគីហ្សូណា, ស្ពានត្សឺបាសា, ការធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ១ និងលេខ៥, ការអភិវឌ្ឍស្ថានីយ៍កុងតឺន័រថ្មី កំពង់ផែស្វយ័តក្រុងព្រះសីហនុ, និងការធ្វើឱ្យប្រសើរឡើងនូវការការពារទឹកជំនន់រាជធានីភ្នំពេញជំហានទី៤។ ការធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ១ និងលេខ៥ បាន និង នឹងធ្វើឱ្យផ្លូវទាំងនេះក្លាយជាផ្លូវយុទ្ធសាស្រ្ត ដ៏មានសារៈសំខាន់នៃរបៀងសេដ្ឋកិច្ចភាគខាងត្បូងតភ្ជាប់ប៉ូលសេដ្ឋកិច្ចធំពីរនៃមហាអនុតំបន់មេគង្គ គឺរវាងទីក្រុងហូជីមិញ និងទីក្រុងបាងកក៕