កម្ពុជា សម្រេចបើកជើងហោះហើរត្រង់ពីប្រទេសម៉ាឡេស៊ី, ឥណ្ឌូនេស៊ី និងហ្វីលីពីន ឡើងវិញបន្ទាប់ពីបានផ្អាកជាបណ្តោះអាសន្ន ដោយសារការរាតត្បាតជំងឺកូវីដ១៩កន្លងមក។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានឲ្យដឹងនៅថ្ងៃទី២៣ ខែតុលា ម្សិលមិញ។
ការសម្រេចបើកជើងហោះហើរត្រង់នេះ គឺបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ បានណែនាំដល់ក្រសួងស្ថាប័នជំនាញ ធ្វើការពិនិត្យមើលអំពីលទ្ធភាពក្នុងបើកជើងហោះហើរឡើងវិញ ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន ដូចជា ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងហ្វីលីពីនជាដើម ដើម្បីទទួលភ្ញៀវ និងអ្នកវិនិយោគមកកម្ពុជា។
សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ការសម្រេចបើកជើងហោះហើរត្រង់នេះ ដើម្បីចូលរួមចំណែកការបើកដំណើរការឡើងវិញ នូវសកម្មភាពសេដ្ឋកិច្ច និងសង្គម ជាជំហានៗលើគ្រប់វិស័យតាមគន្លងប្រក្រតីភាពថ្មី រួមទាំងការស្តារឡើងវិញ នូវវិស័យដឹកជញ្ជូនតាមផ្លូវអាកាស និងកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ។
គួររម្លឹកជូនថា រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ កន្លងទៅ បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវជើងហោះហើរពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន មកកាន់កម្ពុជា ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺរាតត្បាតជាសកលកូវីដ-១៩៕