អំពើឆបោកតែងតែកើតមានឡើង មិនថានៅក្នុងសង្គមជាតិខ្មែរ ឬបរទេសនោះទេ ដែលបានធ្វើអោយប្រជាជនស្លូតត្រង់មួយចំនួន បានខាតបង់ប្រាក់កាក់ និងជំនឿទុកចិត្ត ពេលវាលាដោយសារត្រូវជនទុច្ចរិក បានទាញយកផលប្រយោជន៍របស់ពួកគាត់យ៉ាងច្រើន។
អំពើឆបោក គឺជាបទល្មើសមួយដែលត្រូវបានកំណត់ក្នុងច្បាប់ព្រហ្មទណ្ឌ មាត្រា៣៧៧ ហើយអំពើឆបោកនេះត្រូវបានបង្កឡើង តាមរយះផ្ទាល់ ឬប្រយោល ( Online ) ហើយបានធ្វើអោយខូចប្រយោជន៍បុគ្គល។
ថ្ងៃនេះ Okhna News និងធ្វើការបង្ហាញអំពី មាត្រា ៣៧៧-នៃច្បាប់ព្រហ្មទណ្ឌ ដែលទាក់ទងទៅនិងបទល្មើសនៃការឆបោកៈ
មាត្រា ៣៧៧-នៃក្រមព្រហ្មទណ្ឌ
ជាអំពើបន្លំចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គលណាមួយដោយប្រើឈ្មោះក្លែងទៅលើឋានៈក្លែង ដោយរំលោភលើឋានៈពិតប្រាកដ ឬដោយប្រើឧបាយកលទុច្ចរិតហើយដូច្នេះបានទទួលពីបុគ្គលនេះ ដែលនាំឱ្យខូចប្រយោជន៍របស់បុគ្គលនេះ ឬរបស់តតិយជន។
បទល្មើសឆបោកមានធាតុ៤សំខាន់គឺ
១. ការបន្លំ
ជនល្មើសប្រើប្រាស់ឧបាយកលទុច្ចរិតមាចជា ក្លែងលិខិត ប្រើសំដី ឬរូបភាពផ្សេងៗទៀតធ្វើអោយម្ចាស់ទ្រព្យច្រឡំ ឬជឿទុកចិត្ត ដើម្បីឱ្យប្រគល់ទ្រព្យខ្លួន។
២. ការទទួលបាននូវកម្មវត្ថុដែលទទួលបានពីការបន្លំ
ប្រយោជន៍ដែលជាកម្មវត្ថុនៃអំពើឆបោករួមមានៈ
ក. ការប្រគល់មូលនិធិ តម្លៃ ឬទ្រព្យសម្បតិ្តអ្វីមួយ។
ខ. ការផ្គត់ផ្គង់សេវា។
គ. ការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ច ឬជាការឱ្យរួចកាពីតព្វកិច្ច។
៣. ធ្វើអោយខូចប្រយោជន៍
វាត្រូវតែស្ដែងឱ្យឃើញពីការបាត់ប្រយោជន៍ ឬខាតបង់ធនលាភរបស់ម្ចាស់ទ្រព្យជាដាច់ខាត។
៤. មធ្យោបាយ
ប្រើប្រាស់ឈ្មោះក្លែង អះអាងលើឋានៈក្លែង រំលោភលើឋានៈពិតប្រាកដ ឬប្រើឧបាយកលទុច្ចរិត។
មាត្រា ៣៧៧-នៃក្រមព្រហ្មទណ្ឌ ចែងថា អំពើឆបោក ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ១.០០០.០០០ រៀល ទៅ ៦.០០០.០០០ រៀល។