អាចនិយាយថា ទូរស័ព្ទទំនើប iPhone 13 បានប្រកាសជាផ្លូវការដោយក្រុមហ៊ុន Apple កាលពីពាក់កណ្ដាលខែកញ្ញាកន្លងទៅ ខណៈការដាក់លក់ជាផ្លូវការនៅសហរដ្ឋអាមេរិកគឺធ្វើឡើងក្នុងរយៈពេល ១ សប្ដាហ៍បន្ទាប់ពីថ្ងៃប្រកាស។
ដោយសារតម្រូវការអតិថិជនច្រើនលើសលប់ ការនាំចេញទំនិញមកកាន់ទីផ្សារតំបន់អាស៊ីរាងមានការយឺតយ៉ាវបន្តិច ជាក់ស្ដែងវៀតណាមទើបនឹងមានទូរស័ព្ទ iPhone 13 ដាក់លក់នៅលើទីផ្សារកាលពីថ្ងៃទី ២២ តុលាមុននេះបន្តិចប៉ុណ្ណោះ។
គ្រាន់តែបោះជំហានចូលទីផ្សារវៀតណាមភ្លាម Apple បានបំបែកកំណត់ត្រាថ្មីមួយគឺលក់ទូរស័ព្ទចេញបានច្រើនគ្រឿងបំផុតសម្រាប់ថ្ងៃដំបូង ដែលបើគិតជារួមទូរស័ព្ទប្រមាណ ១៥ ០០០ ដើមត្រូវបានលក់ចេញគ្មានសល់ត្រឹមរយៈពេលមួយថ្ងៃដំបូង។
ស្ថិតិខាងលើនេះគឺស៊ីដាច់ចំនួនលក់ iPhone 12 ដែលចេញកាលពីឆ្នាំមុន ខណៈមូលហេតុដែលជំរុញឲ្យការលក់មានការហក់ឡើងលឿនបែបនេះ គឺអាចនិយាយថាការផ្គត់ផ្គង់លើកនេះគឺលឿនជាងលើកមុនៗដល់ទៅ ១ ខែ ពោលកាលពីជំនាន់ iPhone 12 វៀតណាមត្រូវចាំដល់ចុងខែវិច្ឆិកាទើបមានទំនិញលក់។
បច្ចុប្បន្ន ចំនួនអ្នកបញ្ជាទិញ iPhone 13 នៅតែបន្តកើនឡើងនៅវៀតណាម ខណៈទំនិញគឺអស់ពីស្តុកស្ទើរគ្រប់ហាងលក់ទូរស័ព្ទ ដូច្នេះគ្រប់ហាងគឺតម្រូវឲ្យអតិថិជនចាំបាច់ត្រូវធ្វើការ Pre-order ដើម្បីទទួលបានឥវ៉ាន់នាពេលក្រោយៗ៕
ប្រភព: vnexpress