បើតាមពីមន្ត្រីផ្នែកហិរញ្ញវត្ថុនៃចក្រភពអង់គ្លេសលោក Rishi Sunak បានទម្លាយឲ្យដឹងថា កញ្ចប់ថវិកាប្រមាណជិត ៦ ពាន់លានផោន នឹងបញ្ចេញនៅក្នុងអំឡុងសប្ដាហ៍នេះសម្រាប់ទ្រទ្រង់វិស័យសុខាភិបាលក្នុងរយៈពេល ២-៣ ឆ្នាំខាងមុខ។
គោលបំណងនៃការចំណាយកញ្ចប់ថវិកាយ៉ាងច្រើននេះ គឺសម្រាប់ការទិញសម្ភារៈផ្នែកវេជ្ជសាស្ត្របម្រើវិស័យសុខាភិបាល National Health Service ហៅកាត់ NHS ដែលមានដូចជា ឧបករណ៍ស្កេន និងសម្ភារៈផ្សេងៗឲ្យបានច្រើនជាងមុន ៣០% សម្រាប់ឆ្នាំ ២០២៤ និង ២០២៥។
ថវិកាជិត ៦ ពាន់លានផោន នឹងចាយទៅលើ ៣ ផ្នែកធំៗមានដូចជា ២,៣ ពាន់លានផោនសម្រាប់ការធ្វើតេស្តនានា ២,១ ពាន់លានផោនទៀតសម្រាប់ពង្រឹងដល់ផ្នែកបច្ចេកវិទ្យាទ្រទ្រង់សេវាកម្មសុខភាព និង ១,៥ ពាន់លានផោនទៀត ទុកសម្រាប់ទិញគ្រែអ្នកជំងឺបន្ថែម។
“នេះគឺជាការវិនិយោគដែលអាចផ្ដល់ការកែប្រែទាំងស្រុងសម្រាប់យើង ជាមួយ NHS ដូច្នេះពួកយើងត្រូវប្រាកដចិត្តថា ទាំងអគារ ឧបករណ៍ និងបច្ចេកវិទ្យាសម្រាប់ជួយដល់សេវាកម្មសុខភាពត្រូវតែមានភាពល្អបំផុតតាមដែលអាចធ្វើទៅបាន ហើយក៏ដើម្បីធានាបាននូវ NHS ថាអាចសមស្របជាមួយបរិបទនាថ្ងៃអនាគត”។ នេះបើតាមសម្ដីរបស់លោក Sunak បាននិយាយ។
បញ្ជាក់ដែរថា គម្រោងកាលដើមឡើយ គឺថវិកា ៨ ពាន់លានផោនគឺជាកញ្ចប់ថវិការបស់រដ្ឋាភិបាលទុកសម្រាប់ទ្រទ្រង់វិស័យនានានៅក្នុងកំឡុងពេលវិបត្តិកូវីដ ១៩ នេះ ខណៈទឹកប្រាក់ ៥ ពាន់លានផោនគឺផ្គត់ផ្គង់លើវិស័យសុខាភិបាល និងទឹកប្រាក់ដែលសេសសល់គឺសម្រាប់ទ្រទ្រង់វិស័យអប់រំ៕
ប្រភព: Kelo