កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Tesla បានក្លាយជាកូនពៅនៃត្រកូលក្រុមហ៊ុនអាមេរិក ដែលមានមូលធនទីផ្សារហក់ចូលខ្ទង់ទ្រីលានដុល្លារ បន្ទាប់ពីបានសម្រេចកិច្ចសន្យាផ្គត់ផ្គង់ឡានអគ្គិសនីទៅឲ្យក្រុមហ៊ុន Hertz។
ក្នុងកិច្ចសន្យានោះ Tesla ត្រូវផ្គត់ផ្គង់ឡានអគ្គិសនីប្រមាណ ១០០ ០០០ គ្រឿងទៅឲ្យក្រុមហ៊ុនជួលរថយន្តខ្នាតយក្ស Hertz ត្រឹមចុងឆ្នាំ ២០២២ ដោយសារមើលឃើញពីតម្រូវការអតិថិជនដែលបច្ចុប្បន្នកំពុងមានទំនោរងាកទៅចាប់អារម្មណ៍រថយន្តប្រើប្រាស់អគ្គិសនីជាជាងប្រេងឥន្ធនៈ។
Tesla គួរអរគុណដល់ការបញ្ជាទិញខ្នាតយក្សខាងលើ ព្រោះវាបានជួយឲ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនកើនឡើងខ្លាំងនៅត្រីមាសចុងក្រោយពោល បើតាមការវិភាគពី Morgan Stanley បានឲ្យដឹងថា វាអាចនឹងមានការកើនឡើងដល់ ១ ២០០ដុល្លារ/ហ៊ុនសម្រាប់ត្រីមាសចុងក្រោយ ខណៈបច្ចុប្បន្នហាងឆេងភាគហ៊ុនរបស់ Tesla គឺមានតម្លៃ ១ ០២៥ ដុល្លារ/ហ៊ុន។
ដោយសារតែមានការកើនឡើងនៃតម្លៃភាគហ៊ុនយ៉ាងគំហុកបែបនេះ គឺបានធ្វើឲ្យមូលធនរបស់ក្រុមហ៊ុន Tesla ស្គាល់រសជាតិខ្ទង់ទ្រីលានដុល្លារជាលើកដំបូង ពោលគឺគិតត្រឹមម៉ោង ១១ និង ៣០នាទីព្រឹក ថ្ងៃទី ២៦ តុលា មូលធនទីផ្សារ Tesla មានតម្លៃ ១,០១ ទ្រីលានដុល្លារ៕
ប្រភព: Bangkokpost