អ្នកឧកញ៉ា ហេង សិទ្ធី ម្ចាស់ក្រុមហ៊ុន Maritime Group បានចុះកិច្ចព្រមព្រៀងប្រគល់គំរោងវិនិយោគទីលានប្រណាំងរថយន្ត Formula 3 ក្នុងតម្លៃ ២៦ លានយូរ៉ូ ទៅឲ្យក្រុមហ៊ុន PHG របស់អង់គ្លេស ជាអ្នកសាងសង់ទីលានប្រណាំងរថយន្តខ្នាតអន្តជាតិដំបូងគេ នៅលើទឹកដីកម្ពុជា។
ទីលានប្រណាំងរថយន្តដ៏ធំនេះ ត្រូវបានទទួលស្គាល់ដោយស្ថាប័ន FIA (Fédération Internationale de l’Automobile) ដែលមានទីតាំងគម្រោងលើខ្សែដី ១៦០ហិកតា ស្ថិតនៅតាម បណ្តោយផ្លូវល្បឿនលឿន (Highway) ថ្មី ភ្នំពេញ-ព្រះសីហនុ ចម្ងាយពីរាជធានីភ្នំពេញប្រមាណ ៧០គីឡូម៉ែត្រតែប៉ុណ្ណោះ។
ក្រុមហ៊ុន Maritime Group បានផ្តល់សិទ្ធិទៅដល់ក្រុមហ៊ុន PHG International ដែលបានឈ្នះក្នុងការដេញថ្លៃ ដើម្បីសាងសង់គម្រោងនេះឡើងដែលត្រូវចំណាយទុន វិយោគសរុប ២៦លានយូរ៉ូ ដោយការវិនិយោគ ១០០% របស់ក្រុមហ៊ុន Maritime group ដែលក្នុងនោះរួមមានទីលានប្រណាំងរថយន្ត Formula 3 និងកីឡា Moto Sports ជាច្រើនទៀត Shopping Outlet និងរីសតលំដាប់អន្តរជាតិដែរ។
សូមបញ្ជាក់ថា គម្រោងដ៏ធំនេះនឹងត្រូវចាប់ផ្តើមការការដ្ឋានសាងសង់នៅចុងឆ្នាំ២០២២ ខាងមុខនេះហើយ។
អ្នកឧកញ៉ា ហេង សិទ្ធី អគ្គនាយកក្រុមហ៊ុន Maritime Group បានលើកឡើងថា យើងសង្កេតឃើញថា ក្រោមការដឹកនាំដ៏ឆ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាវាកម្ពុជាកំពុងហោះទៅមុខឥតឈប់ឈរ ជាមួយកេរ្តិ៍ឈ្មោះកាន់តែល្អសុះសាយល្បីរន្ទឺ នៅលើឆាកអន្តរជាតិ ជាពិសេសកម្ពុជាបានឈរលើលំដាប់លេខ១ ក្នុងប្រទេសអាស៊ី ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ បង្កបរិយាកាសដ៏កក់ក្ដៅដល់វិយោគិនទាំងជាតិ និងអន្តជាតិ។
បើតាមការបញ្ជាក់របស់អ្នកឧកញ៉ា គម្រោងដ៏ធំនេះនឹងរួមចំណែកយ៉ាងធំក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតការងារជូនប្រជាជនកម្ពុជារាប់ពាន់នាក់ ក៏ដូចជាការទាក់ទាញការវិនិយោគគម្រោងធំៗបន្តទៅថ្ងៃខាងមុខ៕