ប្រទេសអារ៉ាប៊ីសាអូឌីត បានប្រកាសពីគម្រោងដ៏ធំមហិមារមួយ ដោយចង់បំប្លែងអណ្តូងប្រេង ទៅជាឧទ្យានកម្សាន្តខ្នាតយក្ស ដែលមានទំហំរហូតដល់ទៅ ១៥០,០០០ ម៉ែត្រការ៉េ នៅកណ្តាលឈូងសមុទ្រអារ៉ាប់។
គម្រោងនេះ គឺជាការផ្តួចផ្តើមគំនិតដោយ មូលនិធិវិនិយោគសាធារណៈរបស់ប្រទេសអារ៉ាប៊ីសាអូឌីត (PIF) ក្នុងការបង្កើតតំបន់ទេសចរណ៍ថ្មីប្លែកដាច់គេមួយ ដែលមានឈ្មោះថា “The Rig” ដោយក្នុងនោះមានសណ្ឋាគារធំៗចំនួន ៣ ភោជនីយដ្ឋាន ១១ នឹងរួមបញ្ចូលទាំងកន្លែងកម្សាន្តដ៏សម្បូរបែបជាច្រើនផងដែរ ។
ទោះយ៉ាងណា អារ៉ាប់ប៊ីសាអូឌីត មិនបានបង្ហាញឲ្យដឹងថា គម្រោងនេះមានតម្លៃប៉ុន្មាននោះទេ ប៉ុន្តែ អ្នកជំនាញលើវិស័យនេះអាចស្រមៃបានថាវានឹងមានការចំណាយច្រើនខ្លាំងណាស់ បើមើលតាមវីដេអូមួយ ដែលត្រូវបានបង្ហោះផ្សព្វផ្សាយពីគម្រោងថ្មីមួយនេះ កាលពីដើមខែតុលា។
មិនតែប៉ុណ្ណោះ សេចក្តីថ្លែងការណ៍របស់ PIF បាននិយាយថា ៖ ” គម្រោងនេះ គឺជាតំបន់ទេសចរណ៍ថ្មីដ៏ប្លែកបំផុតមួយ ដែលរំពឹងថានឹងអាចទាក់ទាញបានភ្លៀវទេសចរ មកពីជុំវិញពិភពលោក ដើម្បីមកលេងកម្សាន្តនៅក្នុងតំបន់ឈូងសមុទ្រអារ៉ាប់របស់យើង ” ។
គួរបញ្ជាក់ផងដែរថា គម្រោង The Rig នេះ ត្រូវបានធ្វើឡើង នៅត្រឹមប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីផែនការសាងសង់មជ្ឈមណ្ឌលកម្សាន្តខ្នាតយក្សមួយផ្សេងទៀត មានឈ្មោះ Six Flags Qiddiya ត្រូវបានប្រកាស ហើយគម្រោងនេះដែរនឹងបើកដំណើរការនៅឆ្នាំ២០២៣ខាងមុខ ៕
ប្រភព: CNN