មេដឹកនាំប្រទេសព្រុយណេ នៅរសៀលថ្ងៃទី២៨ ខែតុលានេះ បានប្រគល់តំណែងប្រធានអាស៊ាន ឆ្នាំ២០២២ ជូនមកប្រទេសកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីជាអ្នកដឹកនាំបន្ត។
បើតាមសម្តេចនាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើថា ការប្រជុំលើកទី៣៨ និងលើកទី៣៩ ត្រូវបានបិទបញ្ចប់ជាមួយនឹងការទទួលជាប្រធានប្តូរវេនអាស៊ានរបស់កម្ពុជា សម្រាប់ឆ្នាំ ២០២២។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ “ខ្ញុំជានាយករដ្ឋមន្ត្រីកម្ពុជាមួយរូប ដែលបានកាន់ញញួរប្រធានអាស៊ានរហូត៣ដង ដែលខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិ ដែលបានគាំទ្រដល់រូបខ្ញុំ ក្នុងការដឹកនាំកម្ពុជា ដែលធ្វើឱ្យខ្ញុំមានលទ្ធភាពចូលរួមក្នុងកិច្ចការតំបន់ និងអន្តរជាតិតាមរយៈអាស៊ាន”។
សូមរម្លឹកថា កិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំនេះប្រទេសព្រុយណេធ្វើជាម្ចាស់ផ្ទះ ដោយបានចាប់ផ្តើមនៅព្រឹកថ្ងៃអង្គារ ទី២៦ ដល់ថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលានេះ តាមរយៈប្រព័ន្ធអនឡាញ។ អ្វីដែលជាការកត់សម្គាល់គឺថា មេដឹកនាំប្រទេសសមាជិកទាំងអស់បានចូលរួមកិច្ចប្រជុំដ៏សំខាន់ប្រចាំតំបន់នេះ ប៉ុន្តែមិនវត្តមានថ្នាក់ដឹកនាំប្រទេសមីយ៉ាន់ម៉ាចូលរួមឡើយ៕