ស៊ើបសួរ​ចុះឡើង​ ទើប​ដឹង​​ម្ចាស់​វីឡា​មួយ​ខ្នង​តម្លៃ​ជិត ២០ លាន​ដុល្លារ នៅ Beverly Hills ជាចៅប្រុស​ស្ថាបនិក​ក្រុមហ៊ុន Samsung

អន្តរជាតិ

តំបន់​ Beverly Hills គឺ​អាច​និយាយ​បាន​ថា ជា​តំបន់​រស់នៅ​របស់​អភិជន​នៅ​សហរដ្ឋ​អាមេរិក ដ្បិត​នៅ​ទីនោះ គឺ​ប្រមូល​ផ្ដុំ​ទៅ​ដោយ​បុគ្គល​មាន​ទ្រព្យ​រាប់​លាន​ដុល្លារ ហើយ​បើនិយាយ​ពី​តម្លៃ​ផ្ទះ​វិញ គឺ​សុទ្ធ​តែ​ខ្ទង់​លាន​ដុល្លារ​តែ​ម្ដង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្មីៗនេះ ចៅប្រុស​របស់​ស្ថាបនិក​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​បំផុត​មួយ​លើ​លោក Samsung គឺ​លោក Chung Yong-jin បាន​ទិញ​វីឡា​មួយ​ខ្នង​នៅ​​ Beverly Hills ជាមួយ​តម្លៃ​ប្រមាណ ១៩,២ លាន​ដុល្លារ​អាមេរិក ជាមួយ​ទំហំ ១ ០២២ ម៉ែត្រ​ការ៉េ។

អចលនទ្រព្យ​ដ៏​ស្កឹមស្កៃ​មួយ​នេះ គឺ​ត្រូវបាន​គេ​ដឹងថា អ្នក​ស្នង​មរតក​ជំនាន់​ទី ៣ របស់ Samsung បាន​ទិញ​ពី​អ្នក​ជំនួញ​ឥណ្ឌូណេស៊ី Aan Sinanta ដែល​ចំណាយ​ប្រមាណ ១២,៦ លាន​ដុល្លារ​ទិញ​កាលពី​ឆ្នាំ ២០១២។

បើតាម​ការ​ឲ្យ​ដឹង​ពី Realtor.com វីឡា​មួយ​ខ្នង​នេះ​យក​លំនាំ​សាងសង់​បែប Tuscan ដែល​មាន​ច្រកចូល​ធំ​ទូលាយ និង​ពិដាន​ដ៏​ស្រស់ស្អាត​អម​ដោយ​ជណ្ដើរ​ឡើង​ទៅ​ជាន់​ខាងលើ​សងខាង។ មាន​បន្ទប់​ជាច្រើន​ដូចជា បន្ទប់​គេង ៦ បន្ទប់​ទឹក ១០ ផ្ទះ​បាយ​ធំ​មួយ បន្ទប់​ទទួល​ភ្ញៀវ​មួយ បន្ទប់​ញាំ​អាហារ​មួយ បន្ទប់​តាំង​ស្រា បារ​ផ្ទាល់ខ្លួន បន្ទប់​ចម្រៀង កន្លែងហាត់​ប្រាណ និង​សោណា។

បញ្ជាក់​ដែរថា លោក Chung គឺជា​កូន​ប្រុស​មួយគ្រាប់​គត់​របស់​អ្នកស្រី Lee Myung-hee ដែល​ជា​កូនស្រី​ពៅ​របស់​ស្ថាបនិក Samsung លោក Lee Byung-chul។ បុរស​មាន​វ័យ ៥៣ ឆ្នាំ​រូបនេះ​បច្ចុប្បន្ន​គឺ​ជា​ អនុ​ប្រធាន និង​ CEO នៃ​ក្រុមហ៊ុន Shinsegae ហើយ​បើ​និយាយ​ពី​ទំហំ​ទ្រព្យសម្បត្តិ​វិញ គឺ​មាន​ប្រមាណ ១,៧ ពាន់​លាន​ដុល្លារ​អាមេរិក​ បើ​ផ្អែក​តាម​របាយការណ៍​ពី Forbes៕

ប្រភព: channelnewsasia