រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានទទូចស្នើសុំឲ្យធនាគារពិភពលោក World Bank និងស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ IMF បន្តផ្គត់ផ្គង់ប្រទេសអាហ្វហ្គានីស្ថានផ្នែកហិរញ្ញវត្ថុ ដើម្បីស្ដារប្រទេសឡើងវិញ។
ចាប់តាំងពីក្រុមឧទ្ទាមតាលីបង់គ្រប់គ្រងប្រទេសកាលពីខែសីហាកន្លងទៅ ទឹកប្រាក់រាប់ពាន់លានដុល្លារត្រូវបានបង្កកស្ទះនៅធនាគារកណ្ដាល ខណៈស្ថាប័នហិរញ្ញវត្ថុអន្តរជាតិក៏កាត់ផ្ដាច់ការផ្គត់ផ្គង់ជំនួយដល់ប្រទេសមួយនេះ។
ធនាគារជាច្រើនចាប់ផ្ដើមក្ស័យធនបណ្ដើរៗ ខណៈមន្ត្រីរាជការមិនមានប្រាក់ខែ ហើយថ្លៃម្ហូបអាហារក៏មានការកើនឡើងខ្លាំងថែមទៀត។ IMF បាននិយាយកាលពីថ្ងៃអង្គារកន្លងទៅថា សេដ្ឋកិច្ចនៃប្រទេសអាហ្វហ្គានីស្ថាននឹងអាចធ្លាក់ចុះដល់ ៣០% ក្នុងឆ្នាំនេះ ដែលអាចបណ្ដាលឲ្យកំណើននៃជនភៀសខ្លួនមានការកើនឡើងកាន់តែច្រើន។
“ប្រទេសអាហ្វហ្គានីស្ថានគឺកំពុងត្រូវការជំនួយខ្លាំងស្ទើរគ្រប់វិស័យទាំងអស់ ហើយការងើបឡើងវិញនៃវិស័យសេដ្ឋកិច្ចគឺជាចំណុចអាទិភាព”។ នេះបើតាមការនិយាយរបស់លោក Wang តាមរយៈការប្រជុំអនឡាញជាមួយមន្ត្រីការបរទេសនានាដែលជាអ្នកជិតខាងប្រទេសអាហ្វហ្គានីស្ថាន។
បញ្ជាក់ដែរថា ប្រទេសចិនបានសន្យាថា នឹងចំណាយទឹកប្រាក់ ៣០ លានដុល្លារអាមេរិកក្នុងការជួយជាមូលនិធិមនុស្សធម៌សម្រាប់ប្រទេសអាហ្វហ្គានីស្ថាន ស្របពេលកន្លងមកចិនតែងតែប្រកូកប្រកាសស្នើឲ្យសហគមន៍អន្តរជាតិព្យាយាមធ្វើការទំនាក់ទំនងជាមួយក្រុមតាលីបង់ ជាជាងគេចវេសមិនរកដំណោះស្រាយបែបនេះ៕
ប្រភព: Kelo