បិទត្រីមាសទី ៣ នៃឆ្នាំ ២០២១ នេះ តម្រូវការមាសនៅប្រទេសវៀតណាម មានការធ្លាក់ចុះយ៉ាងខ្លាំងបើធៀបឆ្នាម២០២០ ពោលគឺដល់ទៅជាង ៣,៣ តោន ស្របពេលហាងលក់គ្រឿងអលង្ការទូទាំងប្រទេសបានបិទទ្វារដោយសារច្បាប់រឹតបន្តឹងកូវីដ ១៩។
ស្ថិតិខាងលើគឺរាប់បញ្ចូលទាំងមាសគីឡូ និងកាក់មាស ២,៤ តោន រួមជាមួយគ្រឿងអលង្ការនានា ៩០០ គីឡូថែមទៀត ដែលវាគឺជាចំនួនផ្គត់ផ្គង់ទាបបំផុតមិនធ្លាប់មានតាំងពីឆ្នាំ ២០០០ មក។ នេះបើតាមរបាយការណ៍ចុះផ្សាយដោយក្រុមប្រឹក្សាមាសពិភពលោក World Gold Council។
ប្រភពខាងលើបន្ថែមថា ហាងលក់គ្រឿងអលង្ការនៅទីប្រជុំជនដូចជាទីក្រុងហូជីមិញ និងនៅតំបន់ពាណិជ្ជកម្ម Mekong Delta គឺសុទ្ធតែតម្រូវឲ្យបិទទ្វារស្ទើរតែពេញមួយត្រីមាសទៅហើយ ទើបធ្វើឲ្យតម្រូវការផ្គត់ផ្គង់មានការធ្លាក់ចុះបែបនេះ។
បើទោះជាការលក់គ្រឿងអលង្ការតាមប្រព័ន្ធអ៊ីនធឺណិតកំពុងទទួលបានការពេញនិយមក្ដី តែការទៅទិញផ្ទាល់នៅហាងនៅតែជាជម្រើសមិនអាចខ្វះបាន ខណៈជាទូទៅហាងធំៗសុទ្ធតែមានសាខាជាច្រើនកន្លែងពេញផ្ទៃប្រទេស។
WGC បានអះអាងថា វិបត្តិមួយនេះគឺអាចជាចំណុចដំបូងដែលធ្វើឲ្យវៀតណាមជួបវិបត្តិសេដ្ឋកិច្ចលើកតំបូងក្នុងរយៈពេល ៣ ទសវត្សចុងក្រោយ ខណៈការកើនឡើងនៃអតិផរណា និងភាពអត់ការងារធ្វើ នឹងអាចនៅតែបន្តកើតមានឡើង បើសិនគ្មានដំណោះស្រាយសមស្របមួយ។
បញ្ជាក់ដែរថា ក្នុងត្រីមាសទី ៣ នេះ តម្រូវការមាសទូទាំងពិភពលោកគឺមានការធ្លាក់ចុះ ៧% បើធៀបឆ្នាំទៅ ពោលគឺត្រឹម ៨៣១ តោន ខណៈគេរំពឹងថា ៣ ខែចុងក្រោយនៃឆ្នាំនេះ តម្រូវការមាសនឹងមានការកើនឡើងខ្ពស់វិញ៕
ប្រភព: vnexpress