ពន្ធនាគារទំនើបដំបូងបង្អស់ ដែលមានតម្លៃជាង ៤ លានដុល្លារអាមេរិក ត្រូវបានដាក់ឱ្យដំណើរការដំណាក់កាលទី១ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ។ គម្រោងសាងសង់ពន្ធនាគារទំនើបនេះ ដើមឡើយវិនិយោគដោយក្រុមហ៊ុន គន្ធរីខុន ហូលឌីង បានចុះកិច្ចសន្យាលើគម្រោងវិនិយោគ «អគារស្នាក់នៅពន្ធនាគារ» ថ្មីមួយ ដែលមានលក្ខណៈទំនើប ក្រោមរូបភាពប្រតិបត្តិការ និងផ្ទេរ (BOT) ។ ប៉ុន្តែក្រោយមកគម្រោងនេះត្រូវបាន ក្រសួងមហាផ្ទៃទិញយក ដើម្បីគ្រប់គ្រងវិញ ដោយយោងលើកិច្ចព្រមព្រាងកាលពីពេលថ្មីៗនេះ។
ការដាក់ឱ្យដំណើរការពន្ធនាគារទំនើប ត្រូវបានធ្វើឡើងក្រោមវត្តមានលោក ម៉ៅ ប៊ុណារិន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារសាងសង់ពន្ធនាគារ និងលោក ចាន់ គីមសេង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ។ ពន្ធនាគារត្រូវបានសាងសង់លើផ្ទៃដី ១,៥ ហិចតា មានទីតាំងក្បែរមណ្ឌលអប់រំកែប្រែម១ (គុកព្រៃស) និងត្រូវបានសាងសង់ឡើងកាលពីឆ្នាំ២០១៦ កន្លងមក ក្នុងគោលបំណងសម្រាលចំនួនអ្នកទោស ក្នុងពន្ធនាគារនៅភ្នំពេញសព្វថ្ងៃ ដែលផ្ទុកអ្នកទោសយ៉ាងចង្អៀតណែន និងអាចមកស្នាក់នៅដោយបង់ប្រាក់ស្ម័គ្រចិត្ត តាមរយៈការបំពាក់សម្ភារបច្ចេកទេស ដើម្បីធានាឱ្យបាននូវគុណភាព អនាម័យ សុវត្ថិភាព និងសន្តិសុខសណ្ដាប់ធ្នាប់ល្អ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៣ ក្រុមហ៊ុន គន្ធរីខុន ហូលឌីង និងក្រសួងមហាផ្ទៃបានចុះកិច្ចព្រមព្រាងវិនិយោគអគារអប់រំកែប្រែអ្នកប្រើប្រាស់ថ្នាំញៀន និងអគារថែទាំសុខភាពសម្រាប់ផ្ដល់សេវាកម្ម ដោយផ្ទាល់ដល់អ្នកជាប់ឃុំឃាំងទាំងឡាយដែលមានលទ្ធភាពបង់ប្រាក់ស្ម័គ្រចិត្ត ក្រោមរូបភាពសាងសង់( BOT) រយៈពេល ៤៥ ឆ្នាំ ។ ប៉ុន្តែកាលពីថ្ងៃទី១១ ខែកញ្ញា ក្រសួងមហាផ្ទៃមានឆន្ទៈទិញយកគម្រោងវិនិយោគខាងលើ រីឯក្រុមហ៊ុនក៏មានឆន្ទៈលក់គម្រោងវិនិយោគឱ្យក្រសួងមហាផ្ទៃ និងស្នើសុំប្រគល់អគារ សម្ភារបំពាក់ និងហេដ្ឋារចនាសម្ពន្ធ ដែលបានសាងសង់ និងបំពាក់សម្ភាររួច មកឱ្យក្រសួងមហាផ្ទៃគ្រប់គ្រង និងចាត់ចែងតាមគោលបំណងរបស់ក្រសួងមហាផ្ទៃ ។ ចំពោះលក្ខខណ្ឌលម្អិតនៃការទិញ-លក់ គម្រោងវិនិយោគនេះក្រសួងមហាផ្ទៃបានប្រគល់ភារកិច្ចឱ្យអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុជាអ្នកសិក្សា និងពិភាក្សាជាមួយនឹងក្រុមហ៊ុន៕
ប្រភព៖សប្បាយ