ម្ចាស់ហាងស៊ុប​ល្បីឈ្មោះ​មាន​សាខា​រាប់រយកន្លែង​ មាន​ទាំង​នៅ​កម្ពុជា ឥលូវ​មានទ្រព្យ​សម្បត្តិ​ជាង ១៥ ពាន់​លាន​ដុល្លារ

អន្តរជាតិ

លោក Zhang Yong គឺ​ជា​ស្ថាបនិក​ហាង​ស៊ុប​ល្បីឈ្មោះ Haidilao ដែល​មាន​រាប់រយ​សាខា​ទូទាំង​សកលលោក និង​ជា​មហាសេដ្ឋី​មាន​បំផុត​ប្រចាំ​ប្រទេស​សិង្ហបុរី​ ខណៈ​លោក​គឺ​ជា​បុគ្គល​ដែល​មាន​ប្រវត្តិ​តស៊ូ​ក្នុង​វិស័យ​ជំនួញ​មិន​ធម្មតា ទម្រាំ​ក្លាយ​ជា​បុគ្គល​មាន​ឥទ្ធិពល​ដូច​សព្វថ្ងៃ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អត្ថបទ​មួយ​នេះ ឧកញ៉ាញូវសន៍​សូមលើក​បង្ហាញ​នូវ​ជីវប្រវត្តិ​បុគ្គល​មាន​បំផុត​នៅ​សិង្ហបុរី​មក​បកស្រាយ​ជូន​ប្រិយមិត្ត​អ្នកអាន​ដូច​តទៅ៖

លោក Zhang Yong កំពុង​រស់នៅ​ប្រទេស​សិង្ហបុរី ជាមួយ​ទ្រព្យសម្បត្តិ​ប្រមាណ​១៥,៨ ពាន់​លាន​ដុល្លារ និង​បច្ចុប្បន្ន​មាន​វ័យ ៥០ ឆ្នាំ និង​ជា​បុគ្គលមាន​បំផុត​ប្រចាំ​សិង្ហបុរី​ផង​ដែរ។ តែ​បើ​សង្កេត​មើល​ឲ្យ​មែនទែន​ទៅ លោក Zhang មាន​ការ​បម្លាស់ទី​មក​រស់នៅ​សិង្ហបុរី​កាលពី​ឆ្នាំ​២០១៨ ក្រោយ​ចេញពី​ស្រុក​កំណើត​ពី​ប្រទេស​ចិន និង​ទទួល​បាន​សញ្ជាតិ​សិង្ហបុរី។

នេះ​ក៏​មាន​ន័យ​ថា ស្រុក​កំណើត​របស់​លោក Zhang គឺ​នៅ​ប្រទេស​ចិន​ទេ ដោយ​លោក​បាន​កើត​នៅ​ឆ្នាំ ១៩៧០ នៅ​តំបន់​ជនបទ Jianyang នៅ​ខេត្ត​ Sichuan។ កាលពី​ឆ្នាំ ២០១៩ នៅ​ក្នុង​បទសម្ភាសន៍​មួយ​នៅ​សាកលវិទ្យាល័យ​ Hupan ទីក្រុង Hangzhou មហាសេដ្ឋី​រូប​នេះ​ទម្លាយ​ថា ​កុមារភាព​របស់​លោក​គឺ​ដឹងក្ដី​ឡើង​ជាមួយ​នឹង​ភាព​អត់ឃ្លាន និង​ក្រខ្សត់។

ដូច្នេះ​ហើយ​ទើប​បានជា​គេ​សង្កេត​ឃើញ​ថា បុគ្គលិក​នៅ​ក្រុមហ៊ុន Haidilao នៅ​ប្រទេស​ចិន​ភាគច្រើន​គឺ​ ជា​យុវជន និង​យុវតី​ក្មេងៗ​ដែល​ធំធាត់​ឡើង​នៅ​ទីក្រុង​ដាច់ស្រយាល ជាមួយ​នឹង​ចំណេះដឹង​មិន​សូវ​ទូលំទូលាយ។។

បើ​និយាយ​ពី​ប្រវត្តិ​អាជីវកម្ម​របស់​មហាសេដ្ឋី​ចិន​វិញ គឺ​លោក​មាន​ចក្ខុវិស័យ​ប្លែក​ពី​គេ គឺ​មាន​បំណង​ចង់​ឲ្យ​ពិភពលោក​ស្គាល់​នូវ​ស៊ុប​ចិន ហើយ​ក្ដី​ស្រមៃ​មួយ​នេះ​ក៏​បាន​ក្លាយជា​ការពិត ដោយ Haidilao បាន​ក្លាយជា​ហាង​ស៊ុប​មាន​សាខា​ច្រើន​កន្លែង ខណៈ​ចំណុច​ផ្ដើម​ដំបូង​គឺ​លោក​ផ្ដើម​ចេញ​ពី​នៅ​ស្រុក​កំណើត Sichuan តាំងពី​ក្មេង​មុន​ចាប់​ផ្ដើម​បោះ​ជំហាន​បើក​សាខា​ផ្សេងៗ។

២៥ ឆ្នាំ​ក្រោយ​ រាប់​ចាប់តាំងពី​ការ​បើកហាង​ដំបូង​នៅ​ទសវត្ស​ ១៩៩០ យីហោ​ស៊ុបចិន​មួយ​នេះ​ចាប់​ផ្ដើម​សាយភាយ​មាន​សាខា​ច្រើនជាង ៤៦០ សាខា​ទូទាំងពិភពលោក ដែល​មាន​នៅ​ប្រទេស​ធំៗ​ដូចជា សហរដ្ឋអាមេរិក ​ចក្រភពអង់គ្លេស កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី កាណាដា សិង្ហបុរី ​ម៉ាឡេស៊ី និង​សូម្បី​តែ​កម្ពុជា​ផង​ដែរ។

ក្រឡេក​មក​ដឹង​ពី​ប្រវត្តិ​សិក្សា​របស់​លោក Zhang គ្រប់គ្នា​ប្រហែល​ជា​មាន​ភាព​ភ្ញាក់ផ្អើល​ខ្លាំង ដោយសារ​លោក​រៀន​ដោយ​ខ្លួនឯង​តាម​រយៈ​​អាន​សៀវភៅ​អន្តរជាតិ​តាម​បណ្ណាល័យ និង​ពេល​ខ្លះ​គឺ​រៀន​តាម​ការ​ឃោសនា ដោយ​សារ​គ្រានោះ​ស្រុកទេស​គឺ​ស្ថិតនៅ​ក្រោម​ការ​គ្រប់គ្រង​បែប​កុម្មុយនីស្ត​ដោយ​អនុញ្ញាត​ឲ្យ​បោះ​ពុម្ព​ផ្សាយ​តែ​សៀវភៅ​បែប​ឃោសនា​ប៉ុណ្ណោះ។

បណ្ណាល័យ​នៅ​ស្រុក​ភូមិ​របស់​ Zhang គឺ​មាន​តែ​សៀវភៅ​បែប​ឃោសនា​តាំងពី​លោក​ដឹងក្ដី​ដល់​ឆ្នាំ ១៩៨០ រហូត​ដល់​ឆ្នាំ ១៩៨៣ និង ៨៤ ទើប​ចាប់ផ្ដើម​មាន​សៀវភៅ​ថ្មីៗ​ខ្លះ​ដែល​រាប់​បញ្ចូល​ទាំង​សៀវភៅ​ប្រវត្តិសាស្ត្រ និង​កំណាព្យ​និពន្ធ​ដោយ​កវី​ល្បី​ឈ្មោះ​ជនជាតិ​ឥណ្ឌា Rabindranath Tagore  ហើយ​លោក​បាន​អះអាង​ថា ក្រោយ​អាន​សៀវភៅ​អស់​ទាំងនោះ ទើបលោក​ដឹងថា លោក​គឺ​ជា​កង្កែប​ក្នុង​អណ្ដូង​។

ចូល​ដល់​វ័យ​ជំទង់ Zhang មិនបាន​បន្ត​សិក្សា​នៅ​ថ្នាក់​វិទ្យាល័យ​ឡើយ ហើយ​បាន​ធ្វើការ​ជា​បុគ្គលិក​រោងចក្រ​នៅ​ក្នុង​តំបន់​បាន​រយៈពេល ៦ ឆ្នាំ។ ​ថ្ងៃមួយ​ក្រោយ​ធុញ​ទ្រាន់​អាហារ​នៅ​ក្រុមហ៊ុន​ពេក Zhang​ បាន​ហ៊ាន​ចំណាយ​លុយ​ចូល​ហូប​អាហារ​ឆ្ងាញ់ៗ​នៅ​ហាង​ម្ដង​ដែល​នោះ គឺជា​ស៊ុប​ចិន​នេះឯង ហើយ​លោក​បាន​និយាយ​ថា អាហារ​នៅ​ទីនោះ​ពិតជា​ឆ្ងាញ់ តែ​បុគ្គលិក​បែរ​ជា​មានអាកប្បកិរិយា​មិន​សមរម្យ ទើប​ធ្វើឲ្យ​លោក​ជឿ​ថា ចំណុច​សំខាន់​បំផុត​នៃ​ការ​ធ្វើ​ជំនួញ​គឺ ផ្នែក​បម្រើសេវាកម្ម​អតិថិជន​គឺ​ត្រូវ​តែ​ល្អ​ឥតខ្ចោះ។

ក្រោយ​មក​ លោក Zhang បាន​សម្រេចចិត្ត​បោះបង់​ការងារ​នៅ​រោងចក្រ ក្រោយ​មាន​បញ្ហា​តិចតួច និង​ងាក​មក​បើក​របរ​ដោយ​ខ្លួនឯង​វិញ ជាមួយ​នឹង​កម្ចី​ពី​មិត្តភក្ដិ ២ នាក់​រួម​ជាមួយ​ប្រពន្ធ​របស់​លោក​ផង​ដែរ។

ហាង​ដែល​លោក​បើក​ដំបូង​នោះ គឺ​ជា​ហាងស៊ុប​ដែល​មាន​តុ​តែ ៤ ប៉ុណ្ណោះ ហើយ​ថវិកា​ចំណាយ​កាល​នោះ គឺ​ប្រមាណ ១ ម៉ឺន​យ័ន ឬ ១៥០០ ដុល្លារ​អាមេរិក ដែល​ទឹកប្រាក់​ទាំង​នេះគឺ​ជា​កម្ចី​ពី​មិត្ត​ភក្កិ​របស់​លោក​ទាំងស្រុង។

​ប្រាប់​ទៅកាន់ Economic Observer បុរស​ខាងលើ​និយាយ​៖ “​កាលនោះ​ខ្ញុំ​ដាច់យ៉ៃ​មែនទែន​ ខណៈ​គ្រប់គ្នា​គឺ​រកស៊ី​ខាង​ផ្នែក​វិនិយោគ។ ខ្ញុំ​បាន​សន្យា​ជាមួយ​ពួកគេ​ថា ​ប្រាក់​របស់​ពួកយើង​នឹង​កើនឡើង​ដល់ ១៥ ម៉ឺន​យ័ន ក្នុង​រយៈពេល ៥ ឆ្នាំ។ ខ្ញុំស្បថថា​បើ​ខ្ញុំ​មិនអាច​ធ្វើ​វា​បាន​ទេ ខ្ញុំ​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ដោះ​បំណុល​នេះ”។

តែ​ប្រាក់​កម្ចី​ដែល​មិត្តភក្ដិ​របស់​ Zhang បាន​ឲ្យ​ខ្ចី​នោះ បាន​ប្រែជា​ទ្រព្យ​សំណាង​ជួយ​ពួកគេ​ក្លាយ​ជា​មហាសេដ្ឋី​ដូច​សព្វថ្ងៃ​នេះ។

តុ​មាន​តែ ៤ ទេ​ក្នុង​ហាង ចុះ​ម៉េច​បាន​លក់​ដាច់​ម៉្លឹងៗ?​ នេះ​ច្បាស់​ជា​សំនួរ​ដែល​គ្រប់គ្នា​កំពុង​តែ​ឆ្ងល់ ហើយ​សម្រាប់​​ Admin ផ្ទាល់​ក៏​ឆ្ងល់​ដូចគ្នា តែ​លោក​ Zhang គឺ​មាន​យុទ្ធសាស្ត្រ​ដ៏​ប្លែក​ពី​គេ​នា​សម័យ​នោះ ដោយ​លោក​មាន​គំនិត​ច្នៃ​ប្រឌិត​ពី​ហាង​ដទៃ ដែល​ភ្ញៀវ​អង្គុយ​ចាំ​តែ​ហូប​ស៊ុប។

ហាង​របស់​លោក Zhang គឺ​មាន​ផ្ដល់​នូវ​ដូចជា​ល្បែង​កំសាន្ត​ដល់​ភ្ញៀវ​កំឡុងពេល​រង់ចាំ​ការ​កុម៉្មង់​ ក៏ដូចជា​ Free ជូន​នូវ​អាហារ​សម្រន់​ និង​ការ​បញ្ចុះ​តម្លៃ​ផ្សេងៗ។ លោក Zhang​ ទម្លាយ​ថា ចេញ​លក់​ដំបូងៗ​ លោក​មិន​ចេះ​ធ្វើ​ទឹកស៊ុប​ប៉ុន្មានទេ ដូច្នេះហើយ​ទើប​ផ្ដោត​មក​ខាង​សេវាកម្ម​បម្រើ​អតិថិជន​ជា​គោល​វិញ។

អាច​និយាយ​បាន​ថា ក្រៅពី​ស៊ុប Haidilao គឺ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​បម្រើសេវាកម្ម​អតិថិជន​តែ​ម្ដង ជាក់ស្ដែង​ពួកគេ​ក៏​មាន​នូវ​សេវាកម្ម​សំអាត​ស្បែកជើង​ស្បែក កៅអី​ម៉ាស្សា​សម្រាប់​អតិថិជន​កំពុង​រង់ចាំ​លេខរៀង កន្លែង​ក្មេងលេង​កម្សាន្ត។

សូម្បី​តែ​កំឡុង​ពេល​ញាំ ក៏​ពួកគេ​ផ្ដល់ជូន​ភ្ញៀវនូវ​សេវាកម្ម​ល្អ​ឥតខ្ចោះ​ដែរ ដូចជា​ផ្ដល់​ជូនជា​អាហារ​សម្រន់​ទាំង​នំ ឬ​ផ្លែឈើ​ជា​ដើម។

ក្រៅពី​យកចិត្ត​ទុកដាក់​ដល់​ភ្ញៀវ មហាសេដ្ឋី​រូបនេះ​ក៏​ទម្លាយ​ដែរថា ចំពោះ​បុគ្គលិក Haidilao ទាំងអស់​គឺ​សុទ្ធតែ​ទទួល​បាន​ការ​យកចិត្ត​ទុកដាក់​ស្មើៗគ្នា ពោល​សូម្បី​តែ CEO, Yang Xiaoli ក៏​វិវត្ត​ខ្លួន​ពី​អ្នក​រត់​តុ​ដែរ ដែល​នេះ​គឺ​មាន​ន័យ​ថា​ឱកាស​ឡើង​តំណែង​នៅ Haidilao គឺ​មាន​ស្មើៗ​គ្នា។

បញ្ជាក់​ដែរ​ថា កាលពី​ឆ្នាំ ២០១៩ នៅពេល​ទស្សនាវដ្ដី​ Forbes ប្រកាស​ចុច​ឈ្មោះ​លោក Zhang Yong ជា​បុគ្គល​មាន​បំផុត​នៅ​សិង្ហបុរី បាន​ធ្វើ​ឲ្យ​ប្រជាជន​ចិន​មួយ​ចំនួន​មាន​ការ​ខឹង​សម្បារ​ជា​ខ្លាំង ដោយ​ចោទ​លោក​ថា គេចវេស​ធ្វើ​ការ​អន្តោប្រវេសន៍ ដោយសារ​មិនអាច​ឈរជើង​ខ្លាំង​នៅ​ប្រទេស​ចិន ទាំង​ដែល​មុន​លោក​មករស់នៅ​សិង្ហបុរី ស្ថាបនិក Haidilao ក៏​ធ្លាប់ជាប់​ឈ្មោះ​អ្នក​មាន​បំផុត​ប្រចាំ​ប្រទេស​ចិន​ទាំង២០ រូប​កាល​ពី​ឆ្នាំ ២០១៨ ផង​ដែរ៕

ប្រភព: businessinsider