ខេត្តកំពតក្រៅពី​ទុរេន ក៏​ល្បី​​ដូង​នាំ​ចេញ​ទៅ​លក់​​គ្រប់​ខេត្ត ស្រុក​បន្ទាយមាស អ្នក​ភូមិ​ដាំ​ស្ទើរ​គ្រប់​ផ្ទះ

Uncategorized សង្គម​ និង​សេដ្ឋកិច្ច

ដំណាំដូងជាដំណាំសក្តានុពលដ៏សំខាន់របស់កសិករខេត្តកំពត ហើយ​បាន​ក្លាយ​ជា​អត្តសញ្ញាណខេត្តកំពត​ក្រៅពី​ទុរេន​ដ៏ល្បី​​ទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផែ្លដូងកំពតទទួលបានការនិយមគាំទ្រនិងប្រជាជនចូលចិត្តទទួលទានច្រើន រហូតឈានដល់ការនាំចេញទៅផ្គត់ផ្គង់នៅ តាមបណ្តាខេត្ត និងរាជធានីភ្នំពេញយ៉ាងច្រើនសន្ធឹកសន្ធាប់។មិនតែប៉ុណ្ណោះ ផលិតផលផ្លែដូងក៏បានផ្ដល់មុខរបរមួយ បន្ថែមទៀតដែលអាចជួយដល់ជីវភាពប្រជា ពលរដ្ឋឪ្យកាន់តែប្រសើរឡើងដែរ។

នៅ​ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាសដែលមានចំងាយ៦០គីឡូម៉ែត  ពីទីរួមខេត្តកំពត  ជាតំបន់ដែលសំបូរទៅដោយ ដំណាំស្រូវ បន្លែ និង ដំណាំហូបផ្លែជាច្រើនប្រភេទ ជាពិសេសគឺ ដំណាំដូងតែម្ដងដែលសំបូរជាងគេនៅក្នុងឃុំនេះ គឺគ្រប់ផ្ទះរបស់ប្រជាជនទាំងអស់មានដើមដូង មិនតិចជាងដប់ដើមនោះទេ ។ 

អ្នក​ស្រី អ៊ុក ផូ (ហៅក្រៅផ្លូច ) ដែល​កំពុង​មមាញឹក​កាប់ផ្លែដូង​ដល់​ភ្ញៀវ​បាន​រៀបរាប់ប្រាប់​ឧកញ៉ាញូសន៍​ថា គាត់បានរកស៊ីលក់ផ្លែ ដូងខ្ចីរយៈពេល៧ឆ្នាំមកហើយ ។ ការប្រកបរបរលក់ផ្លែដូងនេះអាចធ្វើឱ្យគ្រួសារ អ្នកស្រីរកប្រាក់ចំណូលបានពី៥ម៉ឺនរៀល ទៅ​៦​ម៉ឺន​រៀល​ក្នុងមួយថ្ងៃ។ ប៉ុន្តែក្នុងរដូវ បុណ្យទានម្តងៗគាត់បានចំណេញច្រើនជាងនេះ ព្រោះអាចលក់អស់ពី ៤០០ផ្លែ ទៅ៥០០ផ្លែ ស្ទើរតែកាប់ជូនភ្ញៀវមិនទាន់ទៀតផង។

ចំពោះតម្លៃវិញគឺសមរម្យដោយផ្លែដូងធម្មតាតម្លៃរាយ ៣០០០ រៀល និងដូងក្រអូបតម្លៃ ៤០០០ រៀល។ ចំណែកតម្លៃបោះដុំឲ្យឈ្មួញ ដូងខ្មែរ១ឡូតម្លៃចន្លោះពី ២៣០០០ រៀល  ទៅ ២៥០០០ រៀល។ អ្នកលក់ផ្លែដូងដដែលនេះបានបញ្ជាក់ថា ផ្លែដូងស្រុកបន្ទាយមាសមានរសជាតិ ផ្អែមក្រអូប និងដាំបែបធម្មជាតិដោយគាត់ ប្រមូលទិញពីអ្នកភូមិនៅក្បែរៗផ្ទះ។ ផ្លែដូង មានគ្រប់រដូវ ព្រោះក្នុងមួយភូមិៗមាន ដើមដូងរាប់ពាន់ឯណោះ។ នេះមិនទាន់គិត ដល់ចម្ការដូងដែលគេធ្វើទ្រង់ទ្រាយធំៗផង។

ក្រៅ​ពី​ទុរេនដំណាំម្រេច ស្វាយ ដូង ហើយនឹងដំណាំហូបផ្លែជាច្រើនទៀត។ អ្នកណាក៏ល្បីដែរថាផ្លែដូងខេត្តកំពតផ្អែមឆ្ងាញ់ពិសារជាប់ចិត្ត។ ទោះបីផលិតផលកសិកម្មដូងហាក់មិន ត្រូវបានគេចាប់អារម្មណ៍ក្តីប៉ុន្តែវាជាដំណាំមានសក្ដានុពលច្រើន។ ផ្លែដូងត្រូវបានគេចាត់ទុកថាជាប្រភេទផ្លែឈើដែលសំបូរទៅដោយជាតិប្រូតេអ៊ីន និងជាតិប្រេងហើយក៏មានផ្ទុកសារធាតុចិញ្ចឹមច្រើនផងដែរ។

មិនតែប៉ុណ្ណោះផ្លែ​ដូងក៏​អាចយកទៅធ្វើអាហារ ភេសជ្ជៈ និង ប្រេងលាប ខណៈសម្បកវាត្រូវបានគេយកទៅកែច្នៃជាថាមពលចម្អិន (ធ្យូងអនាម័យដែលធ្វើពីស្រកីដូង) បានទៀតផង។ អ្វីដែលសំខាន់នោះគឺដូងជាដំណាំកសិកម្មមួយក្នុងចំណោមដំណាំកសិកម្ម ៦ មុខផ្សេងទៀតដែលអង្គការ Grow Asia ដាក់ចូលក្នុងបញ្ជីដំណាំកសិកម្មសក្តានុពលសម្រាប់អនុវត្តនៅកម្ពុជា៕