ពិភពលោកទាំងមូល ក្រោយវិបត្តិកូវីដ-១៩ ស្ថានភាពសេដ្ឋកិច្ចចាប់មានសន្ទុះនៅស្ទើរគ្រប់ប្រទេស ដែលជំរុញឱ្យមានបញ្ហាប្រព័ន្ធផ្គត់ផ្គង់ និងកង្វះវត្ថុធាតុដើម និងដែលធ្វើឱ្យតម្លៃថាមពលឡើងថ្លៃ។
ការផ្តល់សន្ទុះដល់កំណើនសេដ្ឋកិច្ច ជាប្រធានបទចំបងមួយដែលមេដឹកនាំនៃក្រុមប្រទេសមានសេដ្ឋកិច្ចលូតលាស់ខ្លាំងជាងគេ ២០ដំបូងនៅលើពិភពលោក ឬក្រុមប្រទេស G20 ត្រូវបានលើមកជជែកយ៉ាងក្តៅគគុក នៅទីក្រុងរ៉ូមប្រទេសអ៊ីតាលី នាថ្ងៃសោរ៍និងអាទិត្យនេះ។
ដើម្បីឈានទៅបិទបញ្ចប់ជំងឺរាតត្បាតសកលកូវីដ G20 បានសម្របខ្លួនតាមកម្មវត្ថុរបស់អង្គការសុខភាពពិភពលោក គឺពន្លឿនការចាក់ថ្នាំបង្ការឱ្យ បានដល់៧០% នៃប្រជាពលរដ្ឋនៅទូទាំងពិភពលោក យ៉ាងយូរនៅពាក់កណ្តាលឆ្នាំ២០២២ ខណៈដែលពេលនេះ មានប្រជាពលរដ្ឋក្នុងប្រទេសក្រីក្រ ប្រមាណ ៥%ប៉ុណ្ណោះ បានទទួលវ៉ាក់សាំងចំនួនដូស។
ក្នុងបញ្ហានេះប្រធានាធិបតីបារាំង អ៊ូម៉ាញូអែល ម៉ាក្រុង បានអំពាវនាវឱ្យមេដឹកនាំ G20 សហការសម្របសម្រួលគ្នាប្រើស្តុក ដើម្បីរក្សាស្ថិរភាពតម្លៃប្រេង។លោក ម៉ាក្រុង សង្ឃឹមថា សំណើរបស់លោកនឹងបានទទួលការគាំទ្រហើយអ្វីដែលច្បាស់ជាងគេ និងសម្រេចបានជាក់លាក់ជាងគេ គឺការយកពន្ធអតិប្បរមាលើក្រុមហ៊ុនពហុជាតិ ចំនួន១៥% ចាប់ពីឆ្នាំ២០២៣ទៅ។ តាមរយៈពន្ធនេះ គេអាចរកចំណូលបន្ថែមបាន១៥០ពាន់លានអឺរ៉ូ។
សូមបញ្ជាក់ថា នៅក្នុងជំនួបកំពូល G20នេះ ជាជំនួបអន្តរជាតិលើកទីមួយ គិតចាប់តាំងពីវិបត្តិកូវីដផ្ទុះឡើងដែលប្រមុខដឹកនាំប្រទេសនីមួយៗ បង្ហាញវត្តមានផ្ទាល់ក្នុងកន្លែងប្រជុំ និងជាឱកាសជួបនិយាយចរចាគ្នា ប៉ុន្តែប្រធានាធិបតីចិន លោក ស៊ី ជីនពីង បែរជាអវត្តមាន មិនបង្ហាញខ្លួនក្បែរប្រមុខដឹកនាំប្រទេសដទៃនោះទេ៕