រដ្ឋដាក់ដំណើរការគេហទំព័រ KhmerSME សម្រាប់ដោះស្រាយបញ្ហារបស់សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម​ទាំងអស់

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា សម្រេច​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​“ គេហទំព័រ KhmerSME ដែលជា​ថ្នាល​ព័ត៌មាន​ពេញលេញ និង​ជា​កន្លែង​ផ្តួចផ្តើម​គំនិត​ធុរកិច្ច​ដ៏​មាន​ប្រសិទ្ធភាព សម្រាប់​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម ដើម្បី​កសាង និង​ពង្រឹងសមត្ថភាព​ខ្លួន រួមទាំង​ពង្រីក​វិមាត្រ​ធុរកិច្ច​ពី​ធុន​មីក្រូ​ទៅ​ធុន​តូច តាម​លំដាប់លំដោយ នៅក្នុង​កិច្ចប្រតិបត្តិការ​ផលិត​កម្ម អាជីវកម្ម និង​សេវាកម្ម និង​សំដៅ​ជំរុញ​ការប្រកួតប្រជែង​ប្រកបដោយ​ប្រសិទ្ធ​ភាព​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

“គេហទំព័រ KhmerSME” គឺជា ថ្នាល​ព័ត៌មាន​ឌីជីថល (Digital Information Platform) ដែល​ផ្តល់ឱកាស​ឲ្យ​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម​ទាំងអស់​ទទួលបាន​នូវ​ព័ត៌មាន​នៅនឹងកន្លែង ដូចជា ផ្នែក​ច្បាប់ បទប្បញ្ញត្តិ លិខិតបទដ្ឋាន​គតិយុត្តិ ការបណ្តុះបណ្តាល បច្ចេកទេស ការផ្ទេរ បច្ចេកវិទ្យា វិទ្យាសាស្ត្រ នវានុវត្តន៍ ហិរញ្ញប្បទាន ទីផ្សារ ការចាប់ផ្តើម​អាជីវកម្ម​ថ្មី ការលើកទឹកចិត្ត សម្រាប់​ការធ្វើ​ធុរកិច្ច​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ការប្រកួតប្រជែង​មាន​លក្ខណៈ​ជា​យុទ្ធសាស្ត្រ និង​ប្រកបដោយ​បរិ​យា​ប័ន្ន​។

ការប្រកាសដាក់ឲ្យប្រើគេហទំព័រ KhmerSME នេះក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​អាល្លឺម៉ង់ GIZ សហការ​ជាមួយ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍។

បើតាមលោក ​ចម ប្រសិទ្ធ​ រដ្ឋមន្រ្តីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បានឲ្យដឹងថា៖ រាជរដ្ឋាភិបាល ​បាន​លើកកម្ពស់​សហគ្រាស​ក្នុងស្រុក គឺ​សហគ្រាស​ធុន​តូច​និង​មធ្យម ជា​វិស័យ​អាទិភាព ដែលមាន​លទ្ធភាព​ជួយ​ស្តារ​ស្ថានភាព​សេដ្ឋកិច្ចជាតិ​ឲ្យ​មាន​ភាពប្រសើរ​ឡើងវិញ ដោយបាន​កំណត់​នូវមុខ​ផលិតផល​មួយចំនួន​ជា​ទំនិញ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល សម្រាប់​ផ្គត់ផ្គង់​សេចក្តី​ត្រូវ​របស់​ប្រជាពលរដ្ឋ​ប្រចាំថ្ងៃ​។

លោកបន្តថា តាមរយៈ​នេះ ផលិតផល​ទាំងអស់ ទាមទារ​ចាំបាច់​ត្រូវមាន​គុណភាព និង​សុវត្ថិភាព​ដល់​អ្នកប្រើប្រាស់ ដូចនេះ “គេហទំព័រ Khmer SME” ដែលជា ថ្នាល​ព័ត៌មាន​ឌីជីថល ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម ក្នុង​ការទាញយក​ព័ត៌មាន​ចាំបាច់​និង​សំខាន់ៗ តាម​តម្រូវការ ដើម្បី​អភិវឌ្ឍន៍​ផលិតផល​ឲ្យ​គុណភាព និង​សុវត្ថិភាព ស្របតាម​ស្តង់ដារ​កម្ពុជា​។​

បន្ថែមលើនេះ ការដាក់ឱ្យ​ដំណើរការ​នូវ “ គេហទំព័រ Khmer SME” គឺមាន​លក្ខណៈ​ស្រប និង​ការគាំទ្រ​ដល់​ផែនការ​យុទ្ធសាស្ត្រ និង​គោលនយោបាយ​នានា​របស់​រាជរដ្ឋាភិបាល ដូចជា៖ យុទ្ធសាស្ត្រ​ចតុកោណ​-​ដំណាក់កាល​ទី​៤ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៩-២០២៣ គោលនយោបាយ​អភិវឌ្ឍ​ន៍​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥ សេចក្តីព្រាង​គោលនយោបាយ​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម​ឆ្នាំ​២០២២-២០២៦ ផែនទី​បង្ហាញផ្លូវ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍​កម្ពុជា​ឆ្នាំ​២០៣០ និង​ផែនទី​បង្ហាញផ្លូវ សេដ្ឋកិច្ច ឌីជីថល ពាណិជ្ជកម្ម អេឡិចត្រូនិក ជាដើម ដែលមាន​គោលដៅ បន្ត​និង​ពង្រឹង​ការអភិវឌ្ឍ​ធនធានមនុស្ស ការធ្វើ​ធុរកិច្ច​ការលើកកម្ពស់ ផលិតភាព គំនិត​ច្នៃប្រឌិត ស្របតាម​និន្នាការ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​បច្ចេកវិទ្យា​សកល និង​ក្នុង​បរិបទ​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤ ដើម្បី​ចូលរួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រកប ដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​៕