សមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Tesla Inc ម្នាក់ បានលក់ភាគហ៊ុនរបស់ខ្លួន នៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សមួយនេះ ក្នុងតម្លៃជាង ២០០ លានដុល្លារ កាលពីសប្តាហ៍មុន បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុន បានកើនឡើងផុតតម្លៃ ១០០០ ដុល្លារជាលើកដំបូង ដែលជាកំណត់ត្រាថ្មីមួយ ។ នេះបើតាមរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Reuters ។
សូមបញ្ជាក់ថា Tesla បានក្លាយជាក្រុមហ៊ុនអាមេរិកទី ៥ ដែលមានតម្លៃទីផ្សារហក់ឡើងដល់ ១ ទ្រីលានដុល្លារ បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងលក់រថយន្តជាច្រើនម៉ឺនគ្រឿង ទៅឲ្យក្រុមហ៊ុនផ្តល់សេវាកម្មរថយន្តជួល Hertz ។
យ៉ាងណា លោក Ira Ehrenpreis ដែលជានាយកឯករាជ្យ នៅក្នុងចំណោមក្រុមប្រឹក្សាភិបាលរបស់ Tesla ទទួលបានជម្រើសទិញភាគហ៊ុន នៅក្នុងចំនួន ៣៧០ ០០០ ហ៊ុន ជាមួយតម្លៃប្រហែល ៥០ដុល្លា/ហ៊ុន ពីក្រុមហ៊ុនរបស់មហាសេដ្ឋី Elon Musk ខណ:កុងត្រានេះនឹងមានសុពលភាពរហូតដល់ខែមិថុនាឆ្នាំក្រោយ។
ថ្មីៗនេះ មានដំណឹងថា លោកបានលក់ភាគហ៊ុនចំនួន ២០៣ ៤២៩ នៅក្នុងតម្លៃរហូតដល់ ១០៦៨.៣៨ ដុល្លារ/ហ៊ុន ដែលនាំឲ្យគាត់ទទួលបានប្រាក់ចំណេញមកវិញ បានប្រហែល ២១៤ លានដុល្លារឯណោះ ។
គួររម្លឹកឡើងវិញថា លោក Ehrenpreis ជាអ្នកបណ្តាក់ទុនដ៏ធំម្នាក់ ដែលបានក្លាយជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Tesla តាំងពីខែឧសភា ឆ្នាំ ២០០៧ មក ស្របពេលគាត់ទទួលបានភាគហ៊ុនសរុបចំនួន ៧៤០ ០០០ ហ៊ុន គិតត្រឹមដំណាច់ឆ្នាំ ២០២០ ៕
ប្រភព: Kelo