ក្រុមហ៊ុនអាកាសចរណ៍ Vietjet របស់វៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលមានតម្លៃប្រមាណ ៤០០ លានដុល្លារ ជាមួយក្រុមហ៊ុន Rolls-Royce ក្នុងការផ្តល់ជូនម៉ាស៊ីនប្រភេទ Trent 700 និងផ្នែកសេវាកម្ម ដើម្បីមកបំពាក់លើយន្តហោះខ្នាតធំរបស់ខ្លួន ។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមវត្តមាននាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh រួមទាំងឥស្សរជនជាន់ខ្ពស់របស់វៀតណាម និងចក្រភពអង់គ្លេស អំឡុងពេលចូលរួមនៅក្នុងកិច្ចប្រជុំ COP26 ដែលជាសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុលើកទី ២៦ របស់អង្គការសហប្រជាជាតិ។
បើតាមលោក Ewen McDonald ប្រធានផ្នែកអតិថិជននៃក្រុមហ៊ុន Rolls-Royce Civil Aerospace បាននិយាយថា ៖ ” យើងមានសេចក្តីរំភើបរីករាយ ដែលក្រុមហ៊ុន Vietjet បានជ្រើសរើសយកម៉ាស៊ីនប្រភេទ Trent 700 របស់យើង ដើម្បីគាំទ្រដល់ការអភិវឌ្ឍទៅលើវិស័យហោះហើររបស់ពួកគេ ” ។
លោកបន្តថា ៖ ” Trent 700 គឺជាប្រភេទម៉ាស៊ីន ដែលស៊ីសាំងតិចបំផុត និងជួយសន្សំសំចៃ សម្រាប់ប្រភេទយន្តហោះដែលបានបំពាក់វា ។ លើសពីនេះសេវាកម្ម TotalCare របស់យើង និងជួយដល់ Vietjet បង្កើនការហោះហើររបស់ពួកគេឲ្យកាន់តែមានភាពប្រសើឡើងបន្ថែមទៀត។ យើងកំពុងទន្ទឹងរង់ចាំ ធ្វើការជាមួយ Vietjet នៅពេលដែលពួកគេ អាចពង្រីកទីតាំងភូមិសាស្រ្តក្នុងការហោះហើរបន្ថែមទៀត ” ។
គួរបញ្ជាក់ផងដែរថា Trent 700 គឺជាម៉ាស៊ីនតែមួយគត់ ដែលត្រូវបានរចនាឡើង ជាពិសេសសម្រាប់យន្តហោះដែលមានតួខ្លួនធំទូលាយ ហើយវាត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ទៅលើប្រសិទ្ធភាព និងភាពជឿជាក់។ ហើយចាប់តាំងពីដាក់ឲ្យដំណើរការនៅឆ្នាំ ១៩៩៥ មក Trent 700 បានផ្តល់សេវាកម្មហោះហើរ ជាង ៦០ លានម៉ោងរួចមកហើយ ៕
ប្រភព: Asianaviation