ថ្មីៗនេះ លោក Elon Musk បានក្លាយជាមហាសេដ្ឋីមានបំផុតលើលោកជាមួយទំហំទ្រព្យសម្បត្តិប្រមាណច្រើនជាង ៣០០ ពាន់លានដុល្លារ ដែលចំនួននេះគឺវ៉ាដាច់លោក Jeff Bezos ដែលមានទ្រព្យសម្បត្តិប្រមាណជិត ២០០ ពាន់លានដុល្លារ។
ការកើនឡើងយ៉ាងគំហុកនៃទ្រព្យសម្បត្តិរបស់ CEO ក្រុមហ៊ុន Tesla គឺដោយសារ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនយក្សមួយនេះមានការកើនឡើងខ្លាំង បន្ទាប់ពី Hertz និង Tesla បានចុះលិខិតព្រមព្រៀងទិញលក់រថយន្តចំនួន ១ សែនគ្រឿង។
ថ្នាក់ដឹកនាំម្នាក់នៅកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) បានទម្លាយឲ្យដឹងថា ទឹកប្រាក់ប្រមាណត្រឹម ២% នៃទ្រព្យសម្បត្តិសរុបរបស់ Elon Musk គឺអាចជួយជីវិតមនុស្សប្រមាណ ៤២ លាននាក់ពីភាពអត់ឃ្លានបាន។
គ្រាន់តែឮនៅពេល WFP បង្ហើបថា ទឹកប្រាក់ ៦ ពាន់លានដុល្លារគឺអាចជួយមនុស្សដល់ទៅ ៤២ លាននាក់ បានលឺដល់ត្រចៀក Elon Musk ហើយលោកក៏រីករាយនឹងជួយដូចគ្នាក្រោមលក្ខខណ្ឌមួយ។
បើតាមការសរសេរបង្ហោះសារនៅលើបណ្ដាញសង្គម Twitter ផ្ទាល់ខ្លួន បុរសមានទ្រព្យច្រើនបំផុតលើលោកបានឆ្លើយតបថា បើសិនជា WFP អាចរៀបរាប់អំពីគម្រោងការអំពីការចំណាយប្រាក់ ៦ ពាន់លានដុល្លារ ជួយដល់វិបត្តិអត់ឃ្លានពិភពលោកបែបណាបាន លោករីករាយលក់ភាគហ៊ុន Tesla ឥឡូវនេះ ជួយភ្លាមៗតែម្ដង។
លោកក៏បានបន្តទៀតដែរថា ការចំណាយទាំងអស់នៃប្រាក់ ៦ ពាន់លានដុល្លារនោះ ត្រូវតែធ្វើ និងដាក់ប្រកាសជាសាធារណៈ ដើម្បីឲ្យប្រជាជនទាំងអស់បានឃើញជាក់ស្ដែងអំពីស្បៀងអាហារដែល WFP គ្រោងចំណាយទៅលើ។
បញ្ជាក់ដែរថា ទឹកប្រាក់ ៦ ពាន់លានដុល្លារនេះ មិនអាចដោះស្រាយវិបត្តិអត់ឃ្លានទូទាំងពិភពលោកបានឡើយ គ្រាន់តែថាវាក៏អាចជួយសម្រាលទុក្ខលំបាករបស់ប្រជាជនទូទាំងសកលលោកបានដល់ទៅ ៤២ លាននាក់ គឺអាចរាប់បានថា ជាចំណែកដ៏ធំមួយណាស់ទៅហើយ៕
ប្រភព: People