អាជ្ញាធរ​ចិន​ប្រកាស​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ទិញ​ស្បៀង​បម្រុង​ទុក​នៅ​ផ្ទះ​នា​រដូវរងា​

អន្តរជាតិ

ក្រុម​គ្រួសារ​ចិន​ទាំង​អស់​គួរ​តែ​ព្យាយាម​ទិញ​ស្បៀងអាហារ​ទុក​នៅ​ផ្ទះ​រៀងៗ​ខ្លួន និង​របស់របរ​ប្រើប្រាស់​ដែល​ចាំបាច់​នៅ​រដូវរងា​នេះ ដើម្បី​បង្ការ​បញ្ហា​ខ្វះខាត​តម្រូវការ​នា​ពេល​ក្រោយ។ នេះ​បើតាម​ការ​អះអាង​ពី​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភព​ដដែល​បាន​បន្ថែមថា អាជ្ញាធរ​មូលដ្ឋាន​បាន​ធ្វើការ​តាម​ផែនការ​បាន​ខ្ជាប់ខ្ជួន​ល្អ​ក្នុងការ​ធានា​នូវ​ស្បៀងអាហារ​តាម​មូលដ្ឋាន​រៀងៗខ្លួន ខណៈ​រដ្ឋាភិបាល​ក៏​បាន​ធានា​ដែរ​ថា ស្បៀងអាហារ​នានា​គឺ​ត្រូវ​បាន​សាកួរ​ទុក​ជា​មុន​រួចស្រេច​នៅ​រដូវរងា​ខាងមុខ​។

រដ្ឋាភិបាល​បាន​ដាស់តឿន​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ព្យាយាម​ទិញ​នូវ​បន្លែ ផ្លែឈើ​ណា​ដែល​អាច​រក្សា​ទុក​បាន​យូរ​នៅ​កម្រិត​សីតុណ្ហភាព​ទាប និង​ព្យាយាម​ពង្រឹង​នៅ​បណ្ដាញ​ ក៏​ដូចជា​កម្លាំង​ចែកចាយ​ស្បៀង​នៅ​ពេល​មាន​អាសន្ន​ណា​មួយ​កើតឡើង​ជាយថាហេតុ។

មូលហេតុ​ដែល​រដ្ឋាភិបាល​ដាស់តឿន​ឲ្យ​ប្រជាពលរដ្ឋ​ទិញ​ស្បៀង​ទុក​នៅ​ផ្ទះ​រៀងៗ​ខ្លួន គឺ​ដោយសារ​មួយ​រយៈ​កាល​នេះ គឺ​មាន​ភ្លៀងធ្លាក់​ជោគជាំ​ទូទាំង​ប្រទេស ធ្វើ​ឲ្យ​តម្លៃ​បន្លែ​មាន​ការ​កើនឡើង​ខ្លាំង ខណៈ​តម្រូវការ​ទីផ្សារ​ក៏​មាន​ច្រើន​ដូចគ្នា ទើប​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បារម្ភ​ខ្លាច​នា​ថ្ងៃខាងមុខ តម្លៃ​នៃ​ម្ហូបអាហារ​នៅ​តែបន្ត​កើនឡើង ធ្វើ​ឲ្យ​សេដ្ឋកិច្ច​គ្រួសារ​នីមួយៗ​ជួប​ភាព​លំបាក។

យ៉ាងណា កាលពី​ថ្ងៃ​ច័ន្ទ​កន្លងទៅ រដ្ឋាភិបាល​ចិន​បាន​ប្រកាស​ថា នឹង​ព្យាយាម​ពង្រឹង​ផ្នែក​កសិកម្ម ដូចជា​កាត់បន្ថយ​ការ​ខាតបង់​នៃ​ការ​ប្រមូលផល​ម្ដងៗ និង​ព្យាយាម​កែច្នៃ​អាហារ​ដែល​សល់​ពី​ផ្ទះបាយ ដើម្បី​អាច​ធានា​បាន​នូវ​សន្តិសុខ​ផ្នែក​អាហារ​ទូទាំង​ប្រទេស​ផង​ដែរ៕

ប្រភព: Kelo