រដ្ឋាភិបាលថា សេដ្ឋកិច្ចកម្ពុជានឹងអាចកើន ២,៦% ខណៈ ធនាគារពិភពលោក រំពឹងកើនឡើងក្នុងរង្វង់ ៤,៥% សម្រាប់ឆ្នាំ២០២២

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ សម្រាប់ក្រុមអាយុចាប់ពី ៦ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស និង ពិធីប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ ៥ឆ្នាំ នៅថ្ងៃចន្ទ ទី០១ ខែវិច្ឆិកានេះ បានបញ្ជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២១នេះ នឹងអាចកើនឡើងក្នុងអត្រា ២,៦% នៅពេលដែលកម្ពុជាបើកដំណើរសង្គម សេដ្ឋកិច្ចលើគ្រប់វិស័យទាំងអស់ឡើងវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួររម្លឹកថា កាលពីថ្ងៃចន្ទ ទី២៨ កញ្ញាកន្លងទៅ ធនាគារពិភពលោក បានទម្លាក់ការព្យាករណ៍សេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០២១ មកត្រឹមកំណើន២​,២ % ប៉ុណ្ណោះ ដោយរំពឹងថាអាចកើនឡើងក្នុងរង្វង់ ៤,៥% សម្រាប់ឆ្នាំ២០២២។ ក្នុងនោះ ធនាគារអភិវឌ្ឍន៍អាស៊ីក៏បានព្យាករចំពោះសេដ្ឋកិច្ចកម្ពុជាផងដែរ ដោយក្នុងឆ្នាំ២០២១ កម្ពុជាមានកំណើនត្រឹមតែ ១,៥% ប៉ុណ្ណោះ ខណៈឆ្នាំ២០២២ ADB នឹងរំពឹងថា សេដ្ឋកិច្ចកម្ពុជាអាចបន្តស្ទុះឡើងក្នុងអត្រា ៥,៥% ក្រោយកែសម្រួលសេដ្ឋកិច្ចពីក្នុងឆ្នាំ២០២១។

បើតាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជុំវិញការរំពឹងកំណើន ២,៦% សម្រាប់ឆ្នាំ២០២១នេះ​ អាចចូលរួមពីវិស័យទេសចរណ៍ផ្ទៃក្នុងច្រើន នៅតាមតំបន់ទេសចរណ៍ និងបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា និងស្របពេលដែលកម្ពុជាសម្រេចបើកដំណើរការជាបណ្តើរៗឡើងវិញលើគ្រប់វិស័យទាំងអស់។

បន្ថែមពីនេះ រដ្ឋាភិបាលកម្ពុជា ក៏នឹងសម្រេចអនុញ្ញាតឲ្យអ្នកធុរកិច្ចរបស់កម្ពុជា ដែលចេញទៅក្រៅប្រទេស ហើយត្រឡប់មកកម្ពុជាវិញ អាចធ្វើចត្តាឡីស័កនៅតាមផ្ទះបានដោយមិនតម្រូវលក្ខខណ្ឌច្រើនប្រភេទ។ ក្នុងនោះ រដ្ឋាភិបាលកម្ពុជាក៏ធ្លាប់បានប្រកាសអំពីលទ្ធភាពបើកទេសចរណ៍វ៉ាក់សាំងពីបណ្តាប្រទេសនានា ដើម្បីទាក់ទាញចំណូលសម្រាប់សេដ្ឋកិច្ចជាតិ និងពលរដ្ឋផងដែរ ក្រោយស្ថានភាពឆ្លងជំងឺកូវីដ-១៩ មានភាពធូរស្រាលច្រើន និងមានភាពសុំាក្នុងសហគមន៍ក្រោយអត្រាចាក់វ៉ាក់សាំងជិតសម្រេចគោលដៅ៕