៥ តំបន់​នៅទីក្រុងបាងកក មាន​ហាងឆេង​អចនទ្រព្យ​ថ្លៃបំផុត ​

អន្តរជាតិ

ទីក្រុង​បាងកក​អាច​និយាយ​បាន​ថា​ ជា​ទីក្រុង​ប្រណិត​បំផុត​មួយ​នៅ​អាស៊ី ក៏​ព្រោះ​តែ​ភ្ញៀវ​ទេសចរណ៍​ភាគច្រើន​ ឲ្យ​តែ​មក​លេង​តំបន់​អាស៊ីអាគ្នេយ៍​ គឺ​មិន​ងាយ​រំលង​ទីក្រុង​មួយ​នេះ​ឡើយ។ ដូច្នេះ​ហើយ បើ​និយាយ​ថា​តម្លៃ​អចលនទ្រព្យ​នៅ​ទីក្រុង​មួយ​នេះ មាន​តម្លៃ​ថ្លៃ គឺ​ពិតជា​ត្រឹមត្រូវ​ណាស់ ដោយសារ​ដូច​បាន​ដឹង​ហើយ ទាំង​វិស័យ​ទេសចរណ៍ និង​សេដ្ឋកិច្ច ទីក្រុង​បាងកក​គឺ​ល្អ​ទាំង​ព្រមតែម្តង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សារព័ត៌មានឧកញ៉ាញូស៍ថ្ងៃនេះសូមបង្ហាញ​តំបន់​អចលនទ្រព្យ​ ៥ កន្លែង​ទំនើប និង​ស៊ីវិល័យ​បំផុត​នៅ​ទីក្រុង​បាងកក៖

1/ តំបន់ Sathorn

តំបន់ Sathorn ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ឲ្យ​ថា ជា​តំបន់​ហិរញ្ញវត្ថុ​នៃ​ទីក្រុង​បាងកក ដែល​មានទីតាំង​កណ្តាល​គឺជា​សង្កាត់​ពាណិជ្ជកម្ម​កណ្តាល​ទីក្រុង ដែល​ប្រជុំ​ទៅ​ដោយ​កន្លែង​ការិយាល័យ​លំដាប់​ខ្ពស់​ដូចជា Empire Towers និង Sathorn Square ជា​ដើម​។

ជាមួយ​នឹង​ទីប្រជុំជន​អ៊ូអរ ផ្លូវ​រថភ្លើង ៥ ខ្សែ Sathorn ពិតជា​សក្ដិសម​ជា​កន្លែង​ប្រណីត​សម្រាប់​រស់នៅ​លំដាប់​ជាន់ខ្ពស់​ពិតមែន ព្រោះ​នៅ​តំបន់​នេះ​គឺ​មាន​គ្រប់យ៉ាង រាប់តាំងពី​កន្លែង​ Shopping ទំនើបៗ កន្លែង​ញាំ​អាហារ​ថ្លៃៗ និង​សូម្បី​តែ​ក្លឹប​កំសាន្ត​រាត្រី​។

តម្លៃ​ខុនដូ​នៅ​តំបន់​នេះ មាន​តម្លៃ​ឈ្នួល​ប្រហែល​ចន្លោះ​ពី ២៥ ០០០ បាត (៧៥០ ដុល្លារ) ដល់ ២៤០ ០០០​បាត​ (៧ ២០០​ដុល្លារ​) ក្នុង​មួយ​ខែ។

2/ Lumphini

តំបន់​ Lumphini គឺ​ល្បីឈ្មោះ​ដោយសារ​ទីប្រជុំជន Pathum Wan ដែល​សំបូរ​ទៅ​ដោយ​ខុនដូ​ទំនើបៗ តាម​បណ្ដោយ​ផ្លូវ Rajadamri, Wireless Road និង Rama 4។ មួយវិញ​ទៀត Lumphini ល្បី​ឈ្មោះ​ដោយសារ​ទីនេះ គឺ​សុទ្ធតែ​បុគ្គល​លំដាប់​ជាន់ខ្ពស់​រស់នៅ ហើយ​ភាគច្រើន​គឺ​ជា​មន្ត្រី​ការទូត​ដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អ៊ីតាលី ហុងគ្រី ហ្វាំងឡង់ និង​នូវែលសេឡង់។

ដូច្នេះ​ហើយ​វា​មិនមែន​ជា​រឿង​ភ្ញាក់​ផ្អើល​ឡើយ នៅពេល​ជនបរទេស​ប្រមូល​ផ្ដុំ​គ្នា​រស់នៅ​ទីនេះ គឺ​ដោយសារ​នៅ​ជិត​មន្ត្រី​ទូត​របស់​ពួកគេ ខណៈ​តម្លៃ​ខុនដូ​នៅ​តំបន់​នេះ​មាន​ចន្លោះ​ពី ៣៧ ០០០ បាត (១ ១០០ ដុល្លារ) ដល់ ៣៨២ ០០០ បាត (១១ ៤៦៥ ដុល្លារ) ក្នុង​មួយខែ។

3/ Thonglor

ដោយឡែក​នៅ តំបន់​មួយ​នេះ​វិញ គឺ​កំពុង​ត្រូវ​បាន​គេ​ចាត់ទុក​ជា​តំបន់​ពេញនិយម​រស់នៅ​បំផុត​មួយ​នៅ​ទីក្រុង​បាងកក រហូត​ដល់​ថ្នាក់​គេ​ប្រដូច Thonglor ទៅ​នឹង​តំបន់ Soho នៃ​ទីក្រុងឡុងដ៍ ​និង Beverly Hills នៃ​ទីក្រុង Los Angeles ថែម​ទៀត។

មូលហេតុ​គឺ​ងាយៗ ដោយសារ​នៅ​តំបន់​នេះ​គឺ​ប្រមូល​ផ្ដុំ​ទៅ​ដោយ​តារា​ល្បីៗ បុគ្គល​មាន​ឥទ្ធិពល និង​សណ្ឋាគារ​ផ្កាយ ៥ ជាច្រើន​កន្លែង ដូច្នេះ​ហើយ​តម្លៃ​ឈ្នួល​នៃ​ខុនដូ​ក៏​ច្បាស់ជា​មិន​ថោក​ដូចគ្នា ពោល​គឺ​មាន​ចាប់ពី ៤៥ ០០០ បាត (១ ៣៥០ ដុល្លារ) ដល់ ២៥០ ០០០ បាត (៧ ៥០០ ដុល្លារ) ក្នុង​មួយ​ខែ។

4/ Khlong San

តំបន់​មួយ​នេះ នា​ថ្ងៃអនាគត​នឹង​ប្រមូល​ផ្ដុំ​ទៅ​ដោយ​អគារ​ខ្ពស់ៗ​ ដ្បិត​បច្ចុប្បន្ន​នៅ​ទីនេះ សំណង់​អគារ​ខ្ពស់ៗ​ជាច្រើន​គម្រោង​កំពុង​សាងសង់​យ៉ាង​សស្រាក់សស្រាំ។ Khlong San គឺជា​សង្កាត់​ចំណាស់​បំផុត​មួយ​នៅ​បាងកក និង​ជា​ឋានសួគ៌​សម្រាប់​អ្នកចូលចិត្ត Shopping ព្រោះ​ ផ្សារ​ទំនើបៗ​ជាច្រើន​ដូចជា ICONSIAM គឺ​មាន​ទីតាំង​នៅ​ទីនេះ។

តម្លៃ​ខុនដូ​នៅ​តំបន់​កំពុង​អភិវឌ្ឍន៍​មួយ​នេះ​គឺ​មាន​ចាប់ពី ២៨ ០០០ បាត (៨៤០ ដុល្លារ) ដល់ ២៥០ ០០០ បាត (៧ ៥០០ ដុល្លារ) ក្នុង​មួយ​ខែ។

5/ Sukhumvit

ជាចុងក្រោយ គឺ​តំបន់ Sukhumvit ដែល​ជា​ទី​ប្រជុំជន​ប្រមូល​ផ្ដុំ​ដោយ​កន្លែង​ទិញ​ទំនិញ​ទំនើបៗ និង​ជា​ផ្លូវ​វែង​បំផុត​នៅ​ទីក្រុង​បាងកក។ នៅ​តំបន់​មួយ​នេះ គឺ​សំបូរ​ដោយ​ភោជនីយដ្ឋាន​ល្បីៗ​ឈ្មោះ និង​អគារ​ខុនដូ​ថ្លៃៗ​កប់​ពពក​រាប់លាន​បាត​ក៏​មាន។

តម្លៃ​ឈ្នួល​នៃ​ខុនដូ​នៅ​ទីនេះ គឺ​មាន​ចន្លោះ​ចាប់ពី ២០ ០០០​ បាត (៦០០ ដុល្លារ) ដល់ ៤០០ ០០០ បាត (១២ ០០០ ដុល្លារ) ក្នុង​មួយ​ខែ៕

ប្រភព: thebangkokrealty