ក្រុមហ៊ុនអ្នកឧកញ៉ា ពុង ឃាវសែ សម្រេចលក់មូលបត្របំណុល តម្លៃ ១៥លានដុល្លារ ឱ្យទៅធនាគារ Prince ដើម្បីបន្ថែមទុនសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី

ជុំវិញ​ឧកញ៉ា

​ក្រុមហ៊ុនដែលកំពុងអនុវត្តគម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី Cambodia Airport Investment Co., LTD (CAIC) បានសម្រេចលក់មូលបត្របំណុលមានបុគ្គលធានា (guaranteed bond) ក្នុងតម្លៃ ១៥លានដុល្លារអាម៉េរិក ឱ្យទៅធនាគារ Prince ដើម្បីប្រើប្រាស់បន្ថែមសម្រាប់ការសាងសង់ព្រលានភ្នំពេញថ្មី នៅស្រុកកណ្តាលស្ទឹង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាម​ក្រុមហ៊ុន Cambodia Airport Investment គម្រោង NPPIA បច្ចុប្បន្ន​សម្រេចបាន​២៦ ភាគរយ​ហើយ ដែលមាន​ទឹកប្រាក់​សរុប​ ៣៤៦ លាន​ដុល្លារ​សហរដ្ឋអាម៉េរិក នេះ​មិន​រាប់បញ្ចូល​ថ្លៃ​ដី ដែល​វិនិយោគ​នោះឡើយ ខណៈ​គម្រោង NPPIA រំពឹងថា នឹងត្រូវ​ដាក់​ឲ្យ​ប្រតិបត្តិការ​នៅ​ឆ្នាំ​២០២៣ ខាងមុខ​។​

គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ មានតម្លៃ​១,៥ ពាន់​លាន​ដុល្លារ​អាមេរិក សាងសង់​នៅលើ​ផ្ទៃដី​ចំនួន​២៦០០​ហិកតា ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន OCIC ៩០ ភាគរយ និង​រាជរដ្ឋាភិបាល​កម្ពុជា​១០ ភាគរយ ហើយ​គម្រោង​ព្រលានយន្តហោះ​នេះ មាន​ទីតាំង​ស្ថិតនៅ​ក្រុង​តាខ្មៅ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។​

សូមជម្រាបជូនថា ក្រុមហ៊ុន​សាងសង់​ព្រលានយន្តហោះ​កម្ពុជា (CAIC) គឺជា​ក្រុមហ៊ុនចម្រុះ​បង្កើតឡើង​រួមគ្នា​ដោយ​ក្រុមហ៊ុន OCIC និង​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​កម្ពុជា ក្នុង​ឆ្នាំ​២០១៨ ក្រោម​ការណែនាំ​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ធ្វើ​ការងារ​សាងសង់​ព្រលាន​យន្ត​ភ្នំពេញ​ថ្មី ដែល​ស្ថិតនៅ​ចម្ងាយ​២០​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ ដែលមាន​ផ្ទៃដី​សរុប​២៦០០​ហិកតា​។

គម្រោង​នេះ នឹង​ក្លាយជា​ព្រលានយន្តហោះ​ធំជាងគេ នឹង​ទី​៩ នៅលើ​ពិភពលោក ដោយ​នាំមុខ​ដោយ​ព្រលានយន្តហោះ ឈី​កា​ហ្គោ​អូ​ហារ និង​អាកាសយានដ្ឋាន​អន្តរជាតិ​ប៉េកាំង​របស់​ប្រទេស​ចិន​។ នៅពេល​គម្រោង​នេះ​បញ្ចប់ទៅ វា​នឹង​អាច​ផ្ទុក​យន្តហោះ​ធុន​ធំ​បាន​គ្រប់​ប្រភេទ អាច​ផ្ទុក​អ្នកដំណើរ​បាន​រហូតដល់​២៧ លាន​នាក់ នៅ​ឆ្នាំ​២០៣០ និង​អ្នកដំណើរ​៣០ លាន​នាក់​នៅ​ឆ្នាំ​២០៥០ ស្របតាម​ផែនការមេ នៃ​ការអភិវឌ្ឍន៍​អាកាសយានដ្ឋាន​អន្តរជាតិ​។ គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ គ្រោង​បញ្ចប់​នៅក្នុង​ឆ្នាំ​២០២៣ ខាងមុខ​៕