អគារផ្សារទំនើបសិនជូរីផ្លាហ្សាថ្មី ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ បានប្រកាសបញ្ចប់ជាស្ថាពរការសាងសង់ផ្នែកគ្រឿងបង្គុំសំណង់ ដោយមានការចូលរួមពីមន្រ្តីជាន់ខ្ពស់មកពីសាលារាជធានីភ្នំពេញ។
អគារផ្សារទំនើបសិនជូរីផ្លាហ្សាថ្មី ត្រូវបានពន្យាពេលយឺតពីគម្រោង ប៉ុន្តែក្រោយមានការជំរុញពីរដ្ឋបាលរាជធានីភ្នំពេញ បានបន្តសាងសង់ ដែលគ្រោងសម្ពោធឲ្យអាជីវករចូលលក់នៅមុនពិធីចូលឆ្នាំខ្មែរ។
អតីតផ្សារសិនជូរី ត្រូវបានអភិវឌ្ឍជាមជ្ឈមណ្ឌលពហុពាណិជ្ជកម្ម មានទាំងផ្សារកសិកម្ម ផ្សារទំនិញទូទៅ មជ្ឈមណ្ឌលកម្សាន្ត មជ្ឈមណ្ឌលថែទាំសុខភាព-សម្ផស្ស ភោជនីយដ្ឋាន សណ្ឋាគារ ស្កាយបារ-ល- ដែលបម្រើតម្រូវការគ្រប់បែបយ៉ាងរបស់អតិថិជន។ ភាពចម្រុះ ទាំងនេះរួមមាន៖
ជាន់ផ្ទាល់ដី៖ មានត្រី សាច់ បន្លែ ផ្លែឈើ ដែលជាតម្រូវការជីវភាពប្រចាំថ្ងៃ សម្រាប់ប្រជាពលរដ្ឋជុំវិញ។ ជាន់ទី១. ផ្គត់ផ្គង់ទំនិញទូទៅ គ្រឿងឧបភោគ បរិភោគប្រចាំ សម្លៀកបំពាក់ គ្រឿងអលង្ការ វត្ថុអនុស្សាវរីយ៍។
ជាន់ទី២៖ ប្រមូលផ្តុំទៅដោយហាង ប្រណិតល្បីៗ ជុំវិញពិភពលោក ជាពិសេសមានសេវាកម្មថែទាំ សុខភាពនិងសម្ផស្ស។ ជាន់ទី៣៖ ភោជនីយដ្ឋានដែលប្រជុំទៅដោយរសជាតិល្បីៗទូទាំងពិភពលោក។
ជាន់ទី៤, ៥, និងជាន់ទី៦៖ ជាសណ្ឋាគារលំដាប់ផ្កាយ៤ ដែលជាចំណតទីមួយរបស់ភ្ញៀវទេសចរអន្តរជាតិ។ សួនច្បារលើអាកាសអាចឱ្យលោកអ្នកបណ្តែតអារម្មណ៍ទៅតាមខ្យល់ត្រជាក់ និងទស្សនីយ ភាពដ៏អស្ចារ្យ៕