សម័យកូវីដ​ពលរដ្ឋ​ជប៉ុន​​​ក្រោម​អាយុ​ ១៨ ឆ្នាំ​​ ទទួលបាន​ថវិកា​​ម្នាក់ជិត ៩០០ ដុល្លារ​អាមេរិក​ពី​រដ្ឋាភិបាល

អន្តរជាតិ

កាលពី​ព្រឹក​ថ្ងៃ​សុក្រ រដ្ឋាភិបាល​ប្រទេស​ជប៉ុន​បាន​ជំនុំ​គ្នា និង​សម្រេច​​មតិ​ជា​ឯកច្ឆន្ទ​មួយ គឺ​យល់​ព្រម​ផ្ដល់​ប្រាក់​សុទ្ធ​ប្រមាណ ១០ ម៉ឺន​យ៉េន ឬ ៨៨០ ដុល្លារ​អាមេរិក​ទៅ​កាន់​គ្រប់​ក្មេងៗ​ទាំងអស់​ទូទាំង​ប្រទេស ដើម្បី​ជា​ការ​ជំរុញ​សេដ្ឋកិច្ច និង​លើកទឹកចិត្ត​កុំ​ឲ្យ​មាន​ការ​ភ័យខ្លាច​ក្នុង​សម័យ​វិបត្តិ​កូវីដ ១៩​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់​ការ​ចំណាយ​ទាំងអស់​នេះ​ គឺ​នឹង​ផ្ដល់​ឲ្យ​គ្រប់​អនីតិជន​ទាំងអស់​ដែល​មាន​វ័យ​រហូត​ដល់​ ១៨ ឆ្នាំ​គ្រប់ៗ​គ្នា ដោយ​មិន​គិត​ពី​ឋានៈ​គ្រួសារ ឬ​ចំណូល​ប្រចាំ​ឆ្នាំ​របស់​គ្រួសារ​ឡើយ ជាមួយ​នឹង​កញ្ចប់​ថវិកា​ប្រមាណ ២ ទ្រី​លាន​យ៉េន ឬ​ជិត ១៨ ពាន់​លាន​ដុល្លារ​អាមេរិក។

លោក​នាយករដ្ឋមន្ត្រី Fumio Kishida បាន​សន្យា​ថា នឹង​ជំរុញ​ឲ្យ​មាន​ការ​ជួយ​ជា​កញ្ចប់​ថវិកា​ជំនួយ​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុងខែ​នេះ ខណៈ​បច្ចុប្បន្ន​ឯកសារ​ពាក់​ព័ន្ធ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​សុំ​ការ​អនុញ្ញាត​ពី​សភា​សម្រាប់​ការ​ចំណាយ​បន្ថែម​នៅ​ឆ្នាំ​នេះ​ជា​មុនសិន។

លោក​ក៏​បាន​បញ្ជាក់​ទៀត​ដែរ​ថា មូលហេតុ​ចំបង​សម្រាប់​ការ​ចំណាយ​ខាង​លើ​គឺ ជា​មូលនិធិ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ស្រោចស្រង់​សេដ្ឋកិច្ច​ប្រទេស​ឡើងវិញ​ពី​បញ្ហា​កន្លង​មក ដែល​រួមបញ្ចូល​ទាំង​វិស័យ​ទេសចរណ៍​ក្នុង​ស្រុក​ផង​ដែរ៕

ប្រភព: Kelo